ភ្នំពេញ ៖ តារាចម្រៀង ធែល ថៃ បានលេចមុខនៅផលិតកម្មសាន់ដេ ថ្មីៗនេះ ក្រោយពីបញ្ចប់កុងត្រាច្រៀងឲ្យហង្សមាស ១០ឆ្នាំ ។ នេះជាជំហានទី២ របស់លោកថៃ ខណៈដែលអំឡុងជ្រកនៅហង្សមាស លោកមិនសូវមានបទចម្រៀងចេញដិតដល់លើទីផ្សារឡើយ ទើបFan ថា លោកថៃ បញ្ចេញសមត្ថភាពមិនទាន់អស់ ។

ក្នុងជំនួបជាមួយអ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកធែល ថៃ ថាមូលហេតុដែលលោកជ្រើសចូលច្រៀងនៅផលិតកម្មសាន់ដេ ព្រោះតែផលិតកម្មមួយនេះ ជាក្រុមហ៊ុនវ័យចំ ណាស់មួយក្នុងស្រុក ដែលធ្វើការងារសិល្បៈ ជាច្រើនឆ្នាំមកហើយ ។ លោកថា មុនក្លាយជាតារាចម្រៀង លោកក៏ជា Fan របស់សាន់ដេ ដែរ ហេតុនេះពេលបានក្លាយជាតារាចម្រៀងម្នាក់ ប្រចាំផលិតកម្មនេះ លោកគិតថា ល្អ បានរួមការងារជាមួយអ្នកដែលមានបទពិសោធន៍ក្នុងវិស័យនេះ ។ ប៉ុន្ដែលោកថៃ ថាដោយសាតែលោកទើបចូលថ្មី អីចឹងមិនទាន់អាចនិយាយបានថា មានការរំពឹងទុកជាមុនយ៉ាងណាទេ គឺនៅលើជាក់ស្ដែង នាពេលខាងមុខ ដែលពេលនោះ ទស្សនិកជននឹងបានឃើញលោកចេញបទថ្មីៗ ព្រោះមុនចូលសាន់ដេ ជាផ្លូវការនេះ អ្នកស្គាល់គ្នា និង Fan ចេះតែសួរថា ពេលណាចេញបទថ្មី ឥឡូវលោកថា បទថ្មីរបស់លោក ចាប់ ផ្ដើមចេញជាបណ្ដើរៗហើយ។

លោក ធែល ថៃ បានឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកាន់តែកៀកមកដល់នេះ លោកនឹងចេញបទថ្មីមួយបទ ជាចង្វាក់កន្ទ្រឹម ខណៈដែលបទប្រភេទបែបយុវវ័យ លោកនឹងចេញបទថ្មី នាអំឡុងក្រោយចូលឆ្នាំខ្មែរ ។ ប៉ុន្តែនៅពេលត្រូវសួរថា លោកថៃ ចុះកុងត្រាប៉ុន្មានឆ្នាំ នៅសាន់ដេ? លោកថា រឿងមួយនេះ មិនអាចនិយាយបាន ព្រោះជាលក្ខណៈឯកជន (Private) ។

សូមបញ្ជាក់ថា លោកធែល ថៃ ជាម្ចាស់ពាន The Voice Cambodia ២០១៦ រដូវកាលទី២ ល្បីបទ «ចង់ទៅ ទៅៗ»។ លោកជាតារាដែលអ្នកដឹកនាំសិល្បៈ និងអ្នករួមអាជីព សរសើរថា ស្លូតបូត សុភាពរាបសា ចេះគោរពរៀមច្បង និងអំឡុងច្រៀងឲ្យហង្សមាស លោកក៏បានវិវឌ្ឍខ្លួន ក្លាយជាតារាសម្ដែងភាពយន្ដ បាន២រឿងផងដែរ គឺរឿង «រាជិនីភូមិគ្រឹះ» និងរឿង «រាជបុត្រកង្កែប» ។ ការទៅដល់សាន់ដេ របស់លោកថៃ នាពេលនេះ គឺស្រប ពេលដែលអតីតតារាពីរដួងទៀត របស់ហង្សមាស គឺប៉ាច គីមមួយ និងលោក សយ រតនៈ ក៏បានជ្រកនៅផលិត កម្មមួយនេះផងដែរ ។ ប៉ុន្ដែមិនទាន់ដឹងទេថា តើលោកធែល ថៃ នឹងអាចលេចធ្លោជាងពេលច្រៀងឲ្យហង្សមាស ឬយ៉ាងណាទេ ពេលទៅដល់ទ្រនំទីពីរនេះ ព្រោះសាន់ដេ ក៏មានតារាជើងខ្លាំង ម្នាក់ទៀតដែរ នោះគឺលោក ឆាយ វីរៈយុទ្ធ ។

ប្រភពថា មុនលើកពាន លោកធែល ថៃ ចូលចិត្តច្រៀងបទរបស់អតីតតារាសាន់ដេ លោកខេមរៈ សិរីមន្ដ (ខែម ប៊ុនថៃ) ពោលគឺលោកអាចប្រើប្រាស់សំឡេងបានល្អ ហេតុនេះគេជឿថា បើថៅកែសាន់ដេ ធ្លាប់ធ្វើឲ្យលោកសិរីមន្ត ល្បីខ្លាំងនៅទ្រនំនេះ រឿងអីដែលមិនអាចផលិតបទប្រភេទនោះ ឲ្យលោកធែល ថៃ ល្បីល្បាញដែរ ?

ទាក់ទងរឿងស្នេហា លោកធែល ថៃ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកមានម្ចាស់ចិត្តហើយ ប៉ុន្ដែរឿងរៀបការ នៅមិនទាន់កំណត់ឡើយ ។ លោក ធែល ថៃ ទោះជាមិនសូវចេញមុខច្រើននៅតាម Concerts ធំៗ ពេលនៅហង្សមាស តែលោកច្រៀងតាម Pub និងក្លឹប មួយចំនួន ដែលអាចរកប្រាក់ចំណូលបានជាច្រើន ក្នុង១ខែៗផងដែរ ។ ចំណែកការទៅដល់ទ្រនំថ្មីនេះ លោកថៃ អាចនឹងល្បីថែមទៀត ប្រសិនបើមានបទច្រៀង ធ្វើត្រូវសំឡងលោក ហើយចេញបានច្រើនជាងមុន ៕
