ខេត្តស្វាយរៀង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវម្តាយប្រើឱ្យទៅអង្គុយចាំស្រែ មើលក្រែងសត្វគោក្របី ចូលស៊ីស្រូវ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខម្នាក់ ឃើញឱកាសស្ងាត់ល្អ ក៏ចូលទៅល្បួងនាំក្មេងស្រីរូបនោះទៅកន្លែងស្ងាត់ បន្ទាប់មកក៏ធ្វើសកម្មភាពដោះយកខ្សែក និងក្រវិលមាសអស់ពីខ្លួន រួចគេចខ្លួនដោយសុវត្ថិភាព លុះក្មេងស្រីរងគ្រោះស្រែកយំ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង។
ករណីជនសង្ស័យល្បួងក្មេងស្រីដោយយកគ្រឿងអលង្ការអស់ពីខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

ក្មេងស្រីរងគ្រោះ មានឈ្មោះខា សារាណា អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែក ទ្រព្យរបស់ដែលបាត់ទៅ រួមមាន ខ្សែកប្លាកទីន១ជី និងក្រវិលមាស៥ហ៊ុន។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងត្រូវបានម្តាយប្រើឱ្យទៅអង្គុយចាំស្រូវនៅស្រែ ព្រោះខ្លាចមានសត្វគោក្របីចូលមកស៊ីស្រូវ។ លុះក្រោយមកបានប្រមាណ១ម៉ោង ក៏ស្រាប់តែលេចមុខបុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១០០ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) មកឈប់ក្បែរ ហើយក៏បានឱ្យនាងឡើងជិះម៉ូតូទៅជាមួយ រហូតដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការខ្សែក និងក្រវិលរួចក៏បានជិះគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះបានស្រែកយំឮដល់អ្នកភូមិ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងបានប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅផ្ទះវិញផងដែរ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានសាកសួរក្មេងស្រីខាងលើ ដើម្បីធ្វើកំណត់ហេតុ និងកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕