ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូទើបនឹងរៀបការនឹងគ្នាថ្មោងថ្មីប្រមាណ៣ខែ ស្រលាញ់គ្នាល្អូកល្អិនចាក់ទឹកមិនលិច ហើយស្របពេលដែលស្ត្រីជាប្រពន្ធកំពុងមានផ្ទៃពោះ១ខែ ស្រាប់តែបុរសជាប្តីបែរជាមកជួបគ្រោះអកុសល ត្រូវម៉ូតូបុកស្លាប់យ៉ាងអាណោអាធ័មជាទីបំផុត ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធរន្ធត់ចិត្តយ៉ាងខ្លាំង យំសោកបោកខ្លួនតាំងពីនៅកន្លែងកើតហេតុ រហូតដល់ដឹកសពប្តីមកតម្កល់ធ្វើបុណ្យនៅផ្ទះហើយ ក៏នៅតែមកដេកឱបសពប្តីត្អូញត្អែររៀបរាប់បង្ហាញនូវអារម្មណ៍ទុក្ខសោក ដែលមិនគួរ ណាប្តីព្រាត់និរាសទៅ ទាំងមិនទាន់បានឃើញមុខកូនបែបនេះសោះ។

បុរសជាប្តីដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុកម៉ូតូ) រហូតដល់បាត់បង់ជីវិតចោលប្រពន្ធ ដែលទើបនឹងរៀបការថ្មោងថ្មី និងកំពុងមានផ្ទៃពោះ១ខែផងនោះ មានឈ្មោះសួង វិសាល អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិ រំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បុរសរងគ្រោះរូបនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នាបណ្តាលឱ្យស្លាប់ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ត្រង់ចំណុចភូមិសាស្ត្រ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពពីសាច់ញាតិបុរសរងគ្រោះ ឈ្មោះសួង វិសាល បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះទើបរៀបការថ្មីថ្មោងជាមួយប្រពន្ធដែលមានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយសារតែស្ត្រីជាប្រពន្ធកំពុងតែរៀនបាក់ឌុបនៅឡើយ ហេតុនេះឪពុកម្តាយទាំងសងខាងទុកឱ្យប្រពន្ធនៅរៀន ដោយមិន ទាន់មករស់នៅជុំគ្នាក្នុងខេត្តកំពង់ស្ពឺ នោះឡើយ។ ចំណែកជនរងគ្រោះជាប្តីដែលកំពុងធ្វើការនៅខេត្តកំពង់ស្ពឺនោះ តែងជិះម៉ូតូទៅលេងប្រពន្ធនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀងរាល់៣ទៅ៤ថ្ងៃម្តង។ លុះនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពេលជិះត្រឡប់មកពីលេងប្រពន្ធវិញ ក៏ជួបគ្រោះអកុសលដល់ជីវិតតែម្តង។

អ្វីដែលជារឿងគួរឱ្យរន្ធត់ចិត្ត និងសង្វេគបំផុតនោះ គឺក្រាយពីដឹងថា ប្តីជាទីស្រលាញ់របស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ ស្ត្រីជាប្រពន្ធដែលកំពុងមានផ្ទៃពោះ១ខែ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានទួញយំសោកយ៉ាងខ្លាំង ព្រោះ តែទទួលយកការពិតសឹងមិនបាន។ រហូតដល់ពេលសាកសពប្តីត្រូវបានក្រុមគ្រួសារដឹកយកមកដល់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី គេឃើញស្ត្រីជាប្រពន្ធបានទៅដេកយំឱបសពប្តី រៀបរាប់ពីទុក្ខសោក និងព្យាយាមដាស់ឱ្យប្តីដឹងខ្លួនមកវិញ ដើម្បីរង់ចាំនៅមើលមុខកូន និងត្រូវបីបាច់ចិញ្ចឹមកូនជាមួយគ្នាទៀត តែគួរឱ្យសោកស្តាយ ទោះជាប្រឹងដាស់យ៉ាងណា ក៏បុរសជាប្តីលែងដឹង លែងស្តាប់ឮទៅហើយ បានត្រឹមតែធ្វើឱ្យសាច់ញាតិ អ្នកស្រុកភូមិ ដែលប្រទះឃើញហេតុការណ៍ ស្លុតចិត្ត អាណិតអាសូរ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ត្រង់ចំណុចភូមិសាស្ត្រ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយម៉ូតូចំនួន២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខព្រៃវែង 1C-4747 តាមបណ្តោយផ្លូវជាតិលេខ៦១ ក្នុងទិសដៅពីលិចទៅកើត (ភ្នំពេញ-កំពង់ចាម)។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1N-1530 ជិះដោយជនរងគ្រោះឈ្មោះសួង វិសាល យ៉ាងពេញទំហឹង ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច (កំពង់ចាម-ភ្នំពេញ) បណ្តាលឱ្យជនរងគ្រោះឈ្មោះសួង វិសាល ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុគួរឱ្យសង្វេគ។

ក្រោយកើតហេតុ ភាគីបង្កបានរត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែម៉ូតូប៉ុណ្ណោះ និងត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចអូសយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក សពជនរងគ្រោះឈ្មោះសួង វិសាល ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិរំពែងព្រះរៀម ឃុំរំពែងព្រះរៀម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
