Sunday, November 23, 2025
Homeព័ត៌មានជាតិមិត្តភក្តិឯងក៏ធ្វើសុីដែរ!!! ប្រាប់ថាទៅតែមួយភ្លែតទេ ឥឡូវ១ថ្ងៃជាប់ខ្នោះ

មិត្តភក្តិឯងក៏ធ្វើសុីដែរ!!! ប្រាប់ថាទៅតែមួយភ្លែតទេ ឥឡូវ១ថ្ងៃជាប់ខ្នោះ

ខេត្តកណ្តាល ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទក្បត់ទំនុកចិត្ត បន្ទាប់ពីជននេះបានខ្ចីម៉ូតូមិត្តភក្តិជិះមួយភ្លែត តែបែរជាយកទៅបញ្ចាំបានលុយទិញថ្នាំញៀនជក់ និងស៊ីចាយ ហើយត្រូវជនរងគ្រោះក្របួចបាន ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។

សមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា  ជនរងគ្រោះឈ្មោះសំ សុម៉ាត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះឌី ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ លំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០១៤ ស្លាកលេខកណ្តាល 1R-3478 វត្ថុតាងដកហូត កាបូបដៃពណ៌ខ្មៅ ចំនួន១ ប្រាក់រៀលចំនួន១៩០.០០០រៀល។

ប្រភពពីសមត្ថកិច្ចដដែល បានឱ្យដឹងថា  នៅវេលាម៉ោងខាងលើ ជនសង្ស័យដែលត្រូវជាមិត្តភក្តិជនរងគ្រោះបានខ្ចីម៉ូតូ ដែលមានភិនភាគដូចខាងលើពីជនរងគ្រោះថា ជិះទៅទិញសាន់វិចហូបមួយភ្លែត ក៏ជិះយកទៅបាត់តែម្តង។ លុះដល់ថ្ងៃទី២ ខែឆ្នាំដដែល ទើបជនរងគ្រោះបានជួបជនសង្ស័យនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីយកទៅចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះប្រាកដមែន ហើយបានយកទៅដាក់បញ្ចាំនៅកន្លែងទទួលបញ្ចាំ គ្មានយីហោនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន បានលុយ២៥០ដុល្លារ យកទៅសងគេ ទិញថ្នាំញៀនជក់ និងចាយអស់ នៅសល់លុយខ្មែរតែចំនួន១៩០.០០០រៀលប៉ុណ្ណោះ។ ករណីនេះផ្នែកជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES