Sunday, November 23, 2025
Homeព័ត៌មានជាតិបែបៗនេះអី សូមសមត្ថកិច្ចបង្រ្កាបឲ្យអស់ ហើយស្វែងរកម្ចាស់ផង

បែបៗនេះអី សូមសមត្ថកិច្ចបង្រ្កាបឲ្យអស់ ហើយស្វែងរកម្ចាស់ផង

ខេត្តកណ្តាល ៖ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងកែច្នៃ ដំឡើងរថយន្តគ្មានច្បាប់ ចង្កូតស្តាំ គ្មានពន្ធ ស្ថិតនៅក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលនីតិវិធី ពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញរថយន្តម៉ាក NISSAN DIESEL  ចំណុះ៥តោន ចំនួន៦គ្រឿង ជារថយន្តចង្កូតស្តាំ (គ្មានពន្ធ)។

យោងតាមរបាយការណ៍នគរបាល បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥នាទីព្រឹក កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដោយមានការសម្របសម្រួលនីតិវិធី ដោយលោកឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល តាមរយៈទូរស័ព្ទ បានចុះមកដល់ទីតាំងកែច្នៃដំឡើងរថយន្តគ្មានច្បាប់ ចង្កូតស្តាំគ្មានពន្ធ ស្ថិតនៅក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឃាត់ជនសង្ស័យជាម្ចាស់ ទីតាំងរថយន្តកែច្នៃ មានឈ្មោះសុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូត រួមមាន រកឃើញរថយន្តម៉ាក NISSAN DIESEL ចំនួន៦គ្រឿង ចំណុះ៥តោន រថយន្តចង្កូតស្តាំ (គ្មានពន្ធ) ក្នុងនោះមានពណ៌ទឹកប្រាក់ចំនួន២គ្រឿង និងពណ៌ស ចំនួន៤គ្រឿង ដំឡើងទ្រុងរួច ចំនួន៣គ្រឿង និងមិនទាន់ដំឡើងទ្រុង ចំនួន៣គ្រឿង។ ចំពោះរថយន្តទាំង៦គ្រឿង នេះគឺជាប្រភេទរថយន្តដឹកទំនិញធម្មតា កែច្នៃទៅជារថយន្តបែន សម្រាប់ដឹកដីវិញ ហើយមានម្ចាស់រៀងៗខ្លួន។

ចំពោះវត្ថុតាងខាងលើ ក្រុមចម្រុះសម្រេចរក្សាទុកនៅនឹងកន្លែងកើតហេតុ បណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ដោយបានឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ជាអ្នកមើលថែរក្សាវត្ថុតាងទាំងនេះមិនឱ្យបាត់បង់៕

RELATED ARTICLES