ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេ១កន្លែង ដោយបានហៅនារីបម្រើការក្នុងនោះមកអង្គុយកំដរខ្លួនផង លុះបន្ទាប់ពីផឹកស្រវឹងស្រឿងៗក៏ចាប់ផ្តើមកម្រើកសរសៃ រពឹសដៃចាប់មិនឈ្នះ ម្តងលូកលើម្តងលូកក្រោម និងព្យាយាមលូកចូលសំពត់ ស្ទាបប្រដាប់ភេទនារីកំពុងអង្គុយកំដរ តែត្រូវនារីរូបនោះគ្រវាសដៃចេញមិនឱ្យលូកលាន់តាមអំពើចិត្ត ស្រាប់តែធ្វើឱ្យប្រុសព្រានមួម៉ៅក្តៅចិត្តទាញកែវស្រាគប់ពីក្រោយ បណ្តាលឱ្យចំក្បាលនារីរងគ្រោះ បែកក្បាលហូរឈាមស្រោចខ្លួន។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ ម្លប់ត្នោត៩៤ ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។

ប្រុសព្រានរពឹសដៃដែលត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ មានឈ្មោះតុង មីងលៀង (TUO MINGLANG) ជាជនជាតិចិន អាយុ៣២ឆ្នាំ ជាបុគ្កលិកបម្រើការងារនៅក្នុងក្រុមហ៊ុនជីងហួយ ផលិតក្រដាស ស្ថិតនៅភូមិអូរទំពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាន់លិខិតឆ្លងដែនលេខ E78121936 ប្រើប្រាស់ទិដ្ឋាការប្រភេទ E02043096 ផុតសុពលភាពថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។ ចំណែកនារីរងគ្រោះ មានឈ្មោះ ស.ស.ម.ល អាយុ២៤ឆ្នាំ មុខ របរបម្រើការក្នុងហាងខារ៉ាអូខេខាងលើ ស្នាក់នៅផ្ទះជួលភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យរួមនឹងបក្ខពួកជាច្រើននាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាង KTV ម្លប់ត្នោត៩៤ ស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង និងបានហៅនារីៗមកអង្គុយកំដរទៀតផង។ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែក្រុមជនសង្ស៊័យចេះតែរពឹសដៃចាប់មិនឈ្នះ ម្តងលូកលិច ម្តងលូកកើត និងបានចាប់ឱបថើបរាងកាយនារីកំដរទៀតផង មិនតែប៉ុណ្ណោះ ជនសង្ស័យខាងលើមិនអស់ចិត្ត ក៏បានប្រើដៃលូកចូលសំពត់ស្ទាបកេរ្តិ៍ខ្មាស (ប្រដាប់ភេទ នារីរងគ្រោះ) ទៀត ប៉ុន្តែត្រូវនារីរងគ្រោះប្រកែករើបម្រះ និងគ្រវាសដៃជនសង្ស័យចេញ ជាហេតុធ្វើឱ្យជនជាតិចិនរូបនោះ ខឹងសម្បា ក៏ទាញកែវ ស្រាគប់ បណ្តាលឱ្យត្រូវចំក្បាលនារីរងគ្រោះពីក្រោយ បែកក្បាលហូរឈាមស្រោចខ្លួនតែម្តង ជាហេតុធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយផ្នែកអន្តោប្រវេសន៍ នឹងប៉ុស្តិ៍រដ្ឋបាល បានចុះដល់ទីតាំងកើតហេតុខាងលើភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យដៃរវាមខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕



