ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវម្នាក់កំពុងសម្ងំជក់ថ្នាំញៀនតាមគុម្ពោតព្រៃតែម្នាក់ឯង ស្រាប់តែត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ចាប់ឃាត់ខ្លួនសួរនាំដឹងថា ជននេះជាមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ដែរ ក៏នាំខ្លួនទៅឆែកឆេរក្នុងផ្ទះបំណងរកថ្នាំញៀន តែបែរជាប្រទះឃើញ កាំភ្លើងច្នៃដល់ទៅ៧ដើមទៅវិញ។
ករណីចាប់ក្មេងស្ទាវជក់ថ្នាំញៀន បែរជាធ្លាយចេញកាំភ្លើងដល់ទៅ៧ដើមនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១២នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆោម រ៉ាឆា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកេតិហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្ត បានចេញល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅក្នុងគុម្ពោតព្រៃ ហើយត្រួវបានឃាត់ខ្លួននាំទៅសាកសួរ។ នៅ ពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានទិញថ្នាំញៀនយកមកប្រើប្រាស់ និងចែកចាយបន្ត ប៉ុន្តែមិនធំដុំ ដូចគេទេ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានចម្លើយពីជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍និមិត្តបាននាំជនសង្ស័យទៅឆែកឆេរដល់ផ្ទះ ស្រាប់តែប្រទះឃើញកន្លែងលាក់ទុកអាវុធកែឆ្នៃ (កាំភ្លើងខ្យល់) ចំនួន៧ដើម វែង២ដើម ខ្លី៥ដើម និងវត្ថុតាងមួយចំនួនទៀត ដូចជា រំសេវសម្រាប់ផ្ទុះ២ដប គីបផ្ទុះ២បន្ទះ បំពងខ្ទប់ខ្យល់៣ដើម បំពង់ខ្យល់ចំនួន៣ដើម ដែកសម្រាប់ធ្វើកាណុងចំនួន១ ដបជក់ថ្នាំញៀនចំនួន១។ ក្នុងនោះដែរសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅ ពណ៌សថ្លាចំនួន១១កញ្ចប់តូច ដែលជនសង្ស័យប្រើប្រាស់ផង និងចែកចាយបន្តផង។

ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។/