Sunday, November 23, 2025
Homeព័ត៌មានជាតិមេប៉ុស្តិ៍ចេញផុត... នាំគ្នាចូលមកល្មម ប្រពន្ធហុចឲ្យខ្ទេច

មេប៉ុស្តិ៍ចេញផុត… នាំគ្នាចូលមកល្មម ប្រពន្ធហុចឲ្យខ្ទេច

ខេត្តព្រៃវែង ៖ ជនសង្ស័យជាចោរប្លន់១ក្រុម ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានធ្វើសកម្មភាពសម្រុកចូលផ្ទះមេប៉ុស្តិ៍នគរបាលម្នាក់ ភ្ជង់ប្លន់ស្ត្រីជាប្រពន្ធលោកមេប៉ុស្តិ៍ ដែលកំពុងដេកចាំផ្ទះតែម្នាក់ឯង ដោយប្រមូលបានលុយជិត៦ពាន់ដុល្លារ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ចោរចូលភ្ជង់ប្លន់ប្រពន្ធមេប៉ុស្តិ៍ដល់ក្នុងផ្ទះនេះ បានកើតឡើង តាំងពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ នៅចំណុចផ្ទះរបស់លោកនាយរងប៉ុស្តិ៍នគរបាលឃុំបឹងព្រះ ស្ថិតក្នុងភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ប៉ុន្តែក្រោយកើតហេតុ ព័ត៌មានមិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ពោលគឺលាក់យ៉ាងជិត មិនឱ្យបែកខ្ចរខ្ចាយទៅខាងក្រៅឡើយ ទំនងជាខ្លាចខ្មាសគេ ព្រោះចោរចូលប្លន់ផ្ទះមេប៉ុស្តិ៍នគរបាលតែម្តង ហើយចាប់មិនបានទៀត។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះឈឹម សុភា ភេទប្រុស អាយុ៤៤ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងព្រះ មានប្រពន្ធឈ្មោះ នុត ស៊ីណា អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកឈឹម សុភា នាយរងប៉ុស្តិ៍បឹងព្រះ មិនបាននៅផ្ទះទេ គឺជាប់រវល់ទៅប្រចាំការនៅប៉ុស្តិ៍រដ្ឋបាល ដោយនៅផ្ទះមានតែប្រពន្ធនិងកូន ព្រមទាំងក្មួយ២ទៅ៣នាក់ប៉ុណ្ណោះ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ទំនងជាក្រុមជនសង្ស័យដឹងពីដំណើររបស់លោកនាយរងប៉ុស្តិ៍រូបនោះ ទើបពេលដែលស្ត្រីជាប្រពន្ធលោកនាយរងប៉ុស្តិ៍ កំពុងដេកក្នុងផ្ទះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី២ដើម បានសម្រុកចូលទៅភ្ជង់គំរាមស្ត្រីជាម្ចាស់ផ្ទះ ឱ្យប្រមូលយកលុយ និងមាសប្រាក់ឱ្យគេ បើពុំនោះទេ គេនឹងបាញ់សម្លាប់ចោល។ ដោយភ័យខ្លាចក្រុមចោរសម្លាប់ ទើបស្ត្រីជាប្រពន្ធលោកនាយរងប៉ុស្តិ៍រូបនោះ បានយកសោចាក់ហិប យកលុយចំនួន៥៨០០ដុល្លារ ឱ្យទៅចោរទាំងអស់។

ប្រភពដដែលបន្តថា ក្រោយពីប្រមូលបានលុយចំនួន៥៨០០ដុល្លារហើយ ក្រុមចោរបាននាំគ្នាប្រញាប់ចាកចេញទៅក្រៅ រួចឡើងជិះម៉ូតូឆ្ពោះទៅទិសខាងលិចបាត់ដោយសុវត្ថិភាព និងមិនបានផ្ទុះអាវុធ ឬវាយធ្វើបាបជនរងគ្រោះឡើយ។ លុះក្រោយពេលក្រុមចោរចេញផុតភ្លាម ស្ត្រីរងគ្រោះក៏បានទូរស័ព្ទប្រាប់ប្តី ហើយក៏មានការពង្រាយកម្លាំងចេញស្ទាក់ចាប់ចោរដែរ តែមិនទទួលបានលទ្ធផល ដោយក្រុមចោរបានរត់គេចខ្លួនបាត់អស់ទៅហើយ ។

ជុំវិញហេតុការណ៍ចោរចូលភ្ជង់ប្លន់ប្រពន្ធដល់ក្នុងផ្ទះនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឈឹម សុភា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងព្រះ បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES