ខេត្តកណ្តាល ៖ ក្មេងស្រីជាអ្នករត់តុក្នុងហាងស៊ុបម្នាក់ បានលង់ចិត្តស្រលាញ់បុរសលក់ដូងម្នាក់ ដោយបានចេញចូលរកគ្នាអស់រយៈ ពេល១ខែទៅហើយ តែមិនធ្លាប់បានរួមភេទនោះទេ បានត្រឹមតែថើបប៉ុណ្ណោះ។ លុះក្រោយមក ខាងប្រុសផ្ទុះកំហឹងរឿងបាត់លុយ និងទូរស័ព្ទ ក៏ចាប់ក្មេងស្រីជាគូស្នេហ៍ដាក់ច្រវាក់ រួចយកខ្សែភ្លើងវាយដំ ធ្វើទារុណកម្មយ៉ាងចាស់ដៃ បណ្តាលឱ្យក្មេងស្រីរងគ្រោះរងរបួសយ៉ាងធ្ងន់។

ករណីអំពើហិង្សាដ៏ឃោរឃៅខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ២០១៩ នៅចំណុចភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល។
ក្មេងស្រីរងគ្រោះមានឈ្មោះយ៉ុម ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបររត់តុក្នុងហាងលក់ស៊ុប មានលំនៅក្នុងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអែល ណាវីន អាយុ៣៥ឆ្នាំ មុខរបរលក់ដូង ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ វត្ថុតាងចាប់យក ខ្សែភ្លើង១ខ្សែ និងច្រវាក់១ខ្សែ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានស្រឡាញ់គ្នាចេញចូលរកគ្នា រយៈពេលប្រហែល១ខែមកហើយ។ លុះមកដល់យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះនិងជនសង្ស័យបានដេកជាមួយគ្នានៅផ្ទះជនសង្ស័យ លុះព្រឹកឡើង ជនរងគ្រោះងើបទៅផ្សារបាត់ ស្រាប់តែជនសង្ស័យងើបឡើង បាត់ទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ និងលុយ១៦ម៉ឺនរៀល ទើបជនសង្ស័យបានតាមទៅរកឃើញជនរងគ្រោះកំពុងដើរចេញពីផ្សារ ក៏ហៅជនរងគ្រោះត្រឡប់មកផ្ទះវិញ។ លុះពេលមកដល់ផ្ទះ ជនសង្ស័យក៏បានចាប់ជនរងគ្រោះដាក់ច្រវាក់ជាប់នឹងរទេះដឹកដូង រួចយកខ្សែភ្លើងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យពកថ្ងាស និងមានស្នាមជាំលើផ្ទៃមុខជាច្រើនកន្លែងតែម្តង។

តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នាងបានស្រឡាញ់គ្នាជាមួយជនសង្ស័យ ជិត១ខែមកហើយ តែមិនដែលរួមភេទជាមួយគ្នាទេ គឺច្រើនណាស់បានត្រឹមឱបថើបប៉ុណ្ណោះ។ ចំណែកជនសង្ស័យក៏បានអះអាងដែរថា ពួកគេស្រលាញ់គ្នាជាង១ខែហើយ តែមិនដែលបានរួមភេទជាមួយគ្នាទេ។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី”