ខណៈដែលមនុស្សគ្រប់គ្នាកំពុងតែមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង សូម្បីតែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្តែងនូវភាពទុក្ខសោកផងដែរនោះ ស្រាប់តែមន្ត្រីជាន់ខ្ពស់ម្នាក់បានឈរថតរូបសែលហ្វី ញញឹមចេញធ្មេញនៅកន្លែងដែលអគារ៧ជាន់បាក់ស្រុយ ហាក់គ្មានទុក្ខក្រៀមក្រំបន្តិចណាសោះ ដែលរូបភាពនេះត្រូវបានមហាជនរិះគន់មិនដំចៃមាត់ឡើយ។
មន្ត្រីជាន់ខ្ពស់ដែលថតរូបសែលហ្វីនៅកន្លែងកើតហេតុនោះ មានឈ្មោះ លូ គឹមឈុន ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត ដែលបានចូលរួមប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ នោះផងដែរ។

ក្រោយពេលដែលរូបថតនេះត្រូវបានបង្ហោះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការរិះគន់ថា មិនសមទំនងសោះដែលលោកថតរូបញញឹមចេញធ្មេញនៅពេលដែលមនុស្សជាច្រើននាក់កំពុងជួបទុក្ខក្រៀមក្រំ ដោយសារបាត់បង់បងប្អូន ប្តីប្រពន្ធ ញាតិមិត្ត។
យ៉ាងណា នៅថ្ងៃនេះ លោកលូ គឹមឈុន បានសម្ដែងការសោកស្ដាយ និងសុំទោសសាធារណជន ពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះ ចំពោះកាយវិការខុសឆ្គងមួយពេល ក្នុងការថតរូបញញឹម ជាមួយលោកឧត្តមសេនីយ៍ឯក នន្ទ សុខា នៅកន្លែងកើតហេតុ។

លោកលូ គឹមឈុន បានប្រាប់អ្នកសារព័ត៌មានថា លោកទទួលស្គាល់ថា នេះពិតជារូបរបស់ លោកថតប្រាកដមែន ហើយពេលថតរូបនេះ ម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែមិថុនា។ ខណៈពេលដែលកំពុងប្រតិបត្តិការរុករកមនុស្សដែលនៅជាប់ក្នុងអការនោះ លោកក៏បានជួបជាមួយមិត្តភក្តិ ហើយក៏ថតរូបជាមួយគ្នាធម្មតា ស្រាប់តែកើតកំហុសឆ្គងដោយអចេតនាតែម្ដង។
គួរបញ្ជាក់ថា លោកលូ គឹមឈុន គឺជាមន្ត្រីម្នាក់ផងដែរ ដែលបានចូលរួម និងដឹកនាំមន្ត្រី ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះមនុស្សដែលជាប់ក្នុងគំនរបែកបាក់នេះ ហើយលោកក៏បានចាត់ចែងសម្ភារៈសង្គ្រោះមួយចំនួន ដើម្បីជួយសង្គ្រោះជនរងគ្រោះនេះដែរ៕