Thursday, July 17, 2025
Homeព័ត៌មានជាតិចេញទាំងកណ្តាលថ្ងៃត្រង់... បានខ្មោចមាន់២ក្បាល

ចេញទាំងកណ្តាលថ្ងៃត្រង់… បានខ្មោចមាន់២ក្បាល

ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ ស៊ីសងភ្នាល់ដាក់លុយ១កន្លែង ដែលបានលួចលាក់បើកលេងចង់ដុះស្លែទៅហើយ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ ចុះបង្ក្រាប​ដោយដកហូតបានវត្ថុតាងមួយចំនួន រួមទាំងមាន់ងាប់ចំនួន២ក្បាល ចំណែកក្រុមអ្នកញៀនល្បែង បានរត់គេចខ្លួនអស់។

ប្រតិបត្តិការបង្ក្រាបសង្វៀនមាន់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចទីទួលដើមពោធិ៍តាសុខ ខាងជើងថ្នល់ជាតិ ស្ថិតនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបង្ហើបប្រាប់ថា នៅមុនឈានដល់ការបង្ក្រាបសង្វៀនមាន់ខាងលើ កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចទីទួលដើមពោធិ៍តាសុខ ខាងជើងថ្នល់ជាតិ ជាទីវាល មានគេបើកសង្វៀនមាន់ និងមានការលេងភ្នាល់លុយយ៉ាងកុះករ។

បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ ក៏បានចុះប្រតិបត្តិការភ្លាមៗ ស្រាប់តែពេលសមត្ថកិច្ចទៅជិតដល់ ត្រូវបានក្រុមអ្នកញៀនល្បែងជល់មាន់ ទំនងជាដឹងខ្លួនមុន ឬមានអ្នកឱ្យការណ៍មុន ក៏នាំគ្នារត់គេចខ្លួនទៅទិសខាងជើងបាត់អស់។

ក្រោយបញ្ចប់ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយនេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿង ម៉ាកវ៉េវ ១គ្រឿង, ស្កុបពី ១គ្រឿង, សង់កូរ៉េ១គ្រឿង និងម៉ាកស៊ីរ៉ូស ១គ្រឿង។ ជាមួយនេះ សមត្ថកិច្ចក៏ដកហូតបានជញ្ជីងថ្លឹងមាន់ ១គ្រឿង, ស្បែកជើង ២គូ និងស្កុតរុំខ្នាយមាន់មួយចំនួន ពិសេស ចាប់បានខ្មោចមាន់ចំនួន២ក្បាលទៀតផង។

វត្ថុតាងខាងលើ ត្រូវបានជំនាញធ្វើកំណត់ហេតុចាប់យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES