ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានបុរសជាសង្សារ អះអាងថា បានខ្ចីម៉ូតូរបស់ខ្លួន ១គ្រឿង យកទៅបាត់អស់រយៈពេលជិត៣ខែមកហើយ មិនឃើញយកមកប្រគល់ឱ្យវិញ (ស៊ីដាច់) ជាហេតុធ្វើឱ្យខាងប្រុសកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង បង្ហោះរូបប្រកាសក្នុងហ្វេសប៊ុកផង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នារីរូបស្រស់ដែលត្រូវបុរសជាសង្សារ អះអាងថា បានស៊ីដាច់ម៉ូតូ១គ្រឿងនេះ មានឈ្មោះស្រីយ៉ា អាយុ២៤ឆ្នាំ។ ចំណែកបុរសជាគូស្នេហ៍ មានឈ្មោះឌឿន ឃីម អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រីឯម៉ូតូដែលខាងស្រីស៊ីដាច់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1HJ-5325។

យោងតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់ម៉ូតូ ដែលបានប្តឹងសមត្ថកិច្ចតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ និងត្រូវបានបុរសជាម្ចាស់ម៉ូតូបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន មានខ្លឹមសារថា “សុំប្តឹងពីឈ្មោះយ៉ា ភេទស្រី អាយុ២៤ឆ្នាំ ដែលបានខ្ចីម៉ូតូរបស់ខ្ញុំ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1HJ-5325 យកទៅបាត់ និងអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំផងដែរ”។

ពាក្យបណ្តឹងខាងលើបន្តថា “កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក មុនពេលកើតហេតុ ខ្ញុំនិងឈ្មោះយ៉ា ជាសង្សារនឹងគ្នា រយៈពេល៦ខែមកហើយ ហើយបាននាំគ្នាមកជួលបន្ទប់ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ស្រាប់តែថ្ងៃទី១០ ខែ០២ ឆ្នាំ២០១៩ ឈ្មោះយ៉ា បានខ្ចីម៉ូតូរបស់ខ្ញុំ ហើយតាំងពីថ្ងៃនោះមក ទូរស័ព្ទ និងហ្វេសប៊ុក បិទរហូត មិនអាចទាក់ទងបានរហូត…”។

ជុំវិញរឿងរ៉ាវប្តឹងផ្តល់ខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនខាងស្រី ឈ្មោះស្រីយ៉ា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕


