ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីជក់បារីរួច ក៏បោះចោលកន្ទុយបារីទៅលើស្បូវជញ្ជាំងផ្ទះ បណ្តាលឱ្យមានការឆាបឆេះផ្ទះ១ខ្នងគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន។

ផ្ទះដែលទទួលរងការឆាបឆេះគ្មានសល់ដោយសារកន្ទុយបារីនេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្បូវ មានម្ចាស់ឈ្មោះជុំ មុំ ភេទប្រុស អាយុ៦៦ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន១០នាក់ (ប្រុស៦ ស្រី៤) មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ប្រាប់ថា តាមការអះអាងរបស់ម្ចាស់ផ្ទះបានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានករណីអគ្គិភ័យនេះ គឺដោយសារតែកូនប្រុសរបស់គាត់ ដែលជាមនុស្សមានសតិមិនប្រក្រតី ជក់បារីរួច ក៏បានបោះចោលកន្ទុយបារីទៅលើស្បូវជញ្ជាំងផ្ទះ ទើបធ្វើឱ្យឆេះរាលដាលដល់ផ្ទះទាំងស្រុងតែម្តង។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ផ្ទះ អគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញផ្ទះរបស់គាត់១ខ្នងទាំងស្រុង ឆេះកង់ចំនួន២គ្រឿង ប្រាក់ចំនួន៤លានរៀល រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

លោកអធិការស្រុក បានបញ្ជាក់ថា ករណីខាងលើនេះ មិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួសដែរ៕
