ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់ បានក៏ស្ទុះទៅទះប្រពន្ធ២កំផ្លៀង បន្ទាប់ពីខឹងសួរនាំរឿងលួចលុយ និងទូរស័ព្ទរបស់ប្រពន្ធទៅលក់ដើរស៊ីចាយ ជក់ថ្នាំញៀនអស់ ឃើញបែបនេះ បុរសជាឪពុកបានចូលទៅឃាត់ ក៏ត្រូវកូនប្រុសកំណាច ច្រានបណ្តាលឱ្យដួលអុកគូទ រួចក៏ទាញដុំថ្មគប់ស្ត្រីជាម្តាយចុង បណ្តាលឱ្យបែកថ្ងាសរងរបួសធ្ងន់ថែមទៀត ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។

ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះយូ រ៉ហ្វីនី ភេទស្រី អាយុ២១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ ត្រូវជាប្រពន្ធជនសង្ស័យ ទី២-ឈ្មោះសេន ឯល ភេទប្រុស អាយុ៦១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរទិញអេត ចាយ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ និងទី៣-ឈ្មោះលាស់ ស្រីណុប ភេទស្រី អាយុ៤៩ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរស៊ីឈ្នួលបោចមាន់ ត្រូវជាម្តាយចុងរបស់ជនសង្ស័យ។ ចំណែកជនដៃដល់ មានឈ្មោះអែល សុបភីអ៊ី ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ (ជាមនុស្សញៀនថ្នាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានលួចលុយប្រពន្ធចំនួន៤០ម៉ឺនរៀល និងទូរសព្វ័ដៃម៉ាកអាយខល ១គ្រឿង យកទៅដើរចាយវាយ ជក់ថ្នាំញៀនអស់គ្មានសល់។ លុះពេលត្រឡប់មកដល់ផ្ទះវិញ ស្ត្រីរងគ្រោះជាប្រពន្ធបានទៅសួរនាំប្តី ស្រាប់តែត្រូវប្តីកំណាចរូបនោះ ទះចំនួន២កំផ្លៀង ពេលឃើញដូច្នេះ បុរសរងគ្រោះជាឪពុកបង្កើតរបស់ជនសង្ស័យ បានចូលទៅឃាត់បំបែក កុំឱ្យជនសង្ស័យវាយប្រពន្ធ ដោយក្រៀកជនសង្ស័យចុះមកដី ស្រាប់តែពេលចុះមកដល់ដី ជនសង្ស័យបានច្រានឪពុករបស់ខ្លួនដួលបោកទៅលើផ្លូវថ្មមុខផ្ទះ ធ្វើឱ្យមានរបួសហើមជាំ លើប្រអប់ដៃឆ្វេង។

លុះវេលាម៉ោងប្រមាណ៨យប់ថ្ងៃដដែល ជនសង្ស័យមកពីដើរលេងមកដល់ផ្ទះ ខឹងម្តាយចុងមិនបើកទ្វារឱ្យ ក៏ទៅអង្គុយនៅលើគ្រែក្រោមផ្ទះ ស្រែកជេរបញ្ចោររករឿង ពេលនោះ ស្ត្រីជាម្តាយចុងបានយកទឹកក្តៅ ចាក់តាមក្តាររនាបផ្ទះទៅលើជនសង្ស័យ ក្នុងបំណងឱ្យជនសង្ស័យចេញពីផ្ទះ ធ្វើឱ្យរលាកខ្នងជនសង្ស័យ ទើបជនសង្ស័យកាន់តែច្រឡោតខឹង ក៏បានវាយធាក់ទ្វារ និងយកដុំថ្មគប់ បណ្តាលឱ្យខូចខាតទ្វារផ្ទះ (ទ្វារឈើមួយចំហៀង) និងជេរម្តាយចុង ព្រមទាំងយកដុំថ្មគប់ទៅលើជនរងគ្រោះជាម្តាយចុង បណ្តាលឱ្យត្រូវចំថ្ងាសបែកឈាមទៀតផង។

ក្រោយពីធ្វើសកម្មភាពលើជនរងគ្រោះរួច ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ លុះដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះជាឪពុកជនសង្ស័យ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឬស្សីជ្រោយ ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ នាំមកធ្វើការសាកសួរ៕





