Saturday, November 22, 2025
Homeព័ត៌មានជាតិដេកមិនលក់ចេះតែរសាប់រសល់ ដើរចេញក្រៅមួយភ្លែត ធ្វើឲ្យផ្អើលដឹកទៅពេទ្យទាំងយប់

ដេកមិនលក់ចេះតែរសាប់រសល់ ដើរចេញក្រៅមួយភ្លែត ធ្វើឲ្យផ្អើលដឹកទៅពេទ្យទាំងយប់

ខេត្តបន្ទាយមានជ័យ ៖ យុវជនជាកម្មករសំណង់ម្នាក់ ទំនងជានឹកស្រុក នឹកពុក នឹកម៉ែ ខណៈដែលជិតដល់រដូវចូលឆ្នាំផង ទើបធ្វើឱ្យដេកមិនលក់ ក៏បានចេញមកអង្គុយជក់បារីនៅក្នុងការដ្ឋានសំណង់ ស្រាប់តែអកុសល ពេលដែលច្រត់ដៃចុះក្រោម ក៏ទៅចំខ្សែភ្លើងដែលដាច់រលាត់ បណ្តាលឱ្យឆ្លងចរន្តឆក់សន្លប់ស្តូកស្តឹង បាត់មាត់បាត់ក និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍កម្មករសំណង់ត្រូវខ្សែភ្លើងឆក់ស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

យុវជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះស៊ន ម៉ាច អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ និងមានលំនៅក្នុងភូមិឪឡោក ឃុំឪឡោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមសម្តីបុរសឈ្មោះស៊ន ម៉ៅ អាយុ២៩ឆ្នាំ ជាបងប្រុសបង្កើតជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនកើតហេតុ ប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានសម្រាកពីការងារសំណង់ រួចក៏ហូបបាយទឹកល្ងាច បន្ទាប់មកក៏ចូលទៅប្រះខ្លួនដេក តែដេកអត់លក់ ចេះតែរសាប់រសល់ ចម្លែកខុសធម្មតា ដែលទំនងជាគេនឹកដល់ស្រុកកំណើត នឹកឪពុកម្តាយ ខណៈដែលរដូវចូលឆ្នាំ កាន់តែខិតជិតចូលមកដល់។ ដោយសារតែដេកមិនលក់ ទើបប្អូនប្រុសគាត់ម្នាក់នេះ បានចេញទៅអង្គុយជក់បារីផ្អែកជញ្ជាំង លុះបន្តិចក្រោយមក ក៏ច្រត់ដៃចំលើខ្សែភ្លើងកន្លែងដាច់រលាត់ ទើបធ្វើឱ្យឆ្លងចរន្តឆក់របួសធ្ងន់ សន្លប់ស្តូកស្តឹង។ ភ្លាមនោះ គាត់និងអ្នករួមការងារ ក៏ប្រញាប់ដឹកប្អូនប្រុសទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិតភ្លាមដែរ តែអកុសល ពេលគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ប្អូនប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះត្រូវសាច់ញាតិជួលរថយន្តដឹកចេញពីមន្ទីរពេទ្យ ទៅលំនៅដ្ឋានឯខេត្តសៀមរាប នៅម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES