ខេត្តបាត់ដំបង ៖ ភ្ញៀវទេសចរណ៍មួយក្រុម មានគ្នា១៥នាក់ បានជិះរថយន្ត១គ្រឿង ឡើងទៅលេងកម្សាន្តលើកំពូលភ្នំសំពៅ លុះពេលចុះមកក្រោមវិញ មិនដឹងជាមានឧសគ្គអ្វី ក៏ស្រាប់តែរថយន្តបានក្រឡាប់ទាំងកំរោល ធ្វើឱ្យភ្ញៀវទេសចរណ៍ចំនួន១០នាក់ ក្នុងចំណោម១៥នាក់ បានទទួលរងរបួសធ្ងន់ស្រាល លុះគ្រាន់តែជួយសង្គ្រោះមនុស្សចេញពីក្នុងរថយន្តអស់ ស្រាប់តែភ្លើងបានឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ រហូតដល់សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍រថយន្តដឹកភ្ញៀវទេសចរណ៍ចុះពីលើភ្នំសំពៅ ក្រឡាប់ផ្ទុះឆេះ បណ្តាលឱ្យភ្ញៀវទេសចរណ៍របួស១០នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅឃុំភ្នំសំពៅ ស្រុកបាណន់។

រថយន្តដែលក្រឡាប់ឆេះខ្ទេចទាំងស្រុងខាងលើ ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2A-3420 បើកបរដោយឈ្មោះ សេង សុភាព ហៅអ៊ួ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកវើយ ចំរើន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកបាណន់ បានឱ្យដឹងថា កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមីនា មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តឈ្នួលដឹកភ្ញៀវឡើងភ្នំមួយគ្រឿង។ ក្នុងពេលដែលកំពុងធ្វើដំណើរដឹកភ្ញៀវចំនួន១៥នាក់ ត្រឡប់ចុះមកក្រោមវិញ បណ្តាលឱ្យក្រឡាប់ និងឆេះរថយន្តមួយគ្រឿង និងរបួសមនុស្ស១០នាក់ (ស្រាល៦នាក់ ធ្ងន់៤នាក់)។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ និងបានប្រញប់ដឹកបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ស្រាល ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

ចំណែកអ្នកបើកបរ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅជំនាញការិយាល័យស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕
