Saturday, May 23, 2026
Homeនយោបាយរដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហ រដ្ឋអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ៧៧/២០២៦ កបទ.សអ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហ កម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញ អ.ស.ប. និងការពង្រឹងប្រព័ន្ធអន្តរជាតិ ផ្តោតលើ អ.ស.ប.» ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរ ទេស និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍អមដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយសមភាគី ពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់ លើបញ្ហានានាដែលជាផលប្រយោជន៍និងជាក្តីបារម្ភរួម ទៅវិញទៅមកផងដែរ៕ ខៀវទុំ

RELATED ARTICLES