Friday, May 1, 2026
Homeសង្គម និងជីវិតកម្ពុជា បន្តលែងអណ្តើកហ្លួង ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល

កម្ពុជា បន្តលែងអណ្តើកហ្លួង ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល

ខេត្តកោះកុង ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋាន ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុត ចំនួន២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិ តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានដឹងថា សត្វអណ្តើកហ្លួងអាចរស់នៅនិងបន្តពូជបាន។

កន្លងមក អណ្តើកហ្លួង ធ្លាប់ត្រូវបានបារម្ភខ្លាចបាត់បង់ផុតពូជពីក្នុងប្រទេសកម្ពុជា ប៉ុន្តែការលែងអណ្ដើកហ្លួង នាពេលនេះ បញ្ជាក់ពីជំហានជោគជ័យថ្មីមួយទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែង ក្នុងការស្តារប្រភេទសត្វអណ្ដើកនេះ ឱ្យមានចំនួនច្រើនឡើងវិញ ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានជលផល ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុន ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុកអណ្តើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។ មូលនិធិ Mandai Nature, Turtle Survival Alliance អង្គការ WCS កាណាដា និងមូលនិធិ Patricia and Alan Koval Foundation និងតំបន់ទេសចរណ៍ធម្មជាតិ Shinta Mani Wild គឺជាដៃគូដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារចំនួនអណ្តើកហ្លួង ឡើងវិញ។

អណ្តើកហ្លួង ត្រូវបានស្គាល់ទូទាំងពិភពលោក ជាភាសាអង់គ្លេស ថា Southern River Terrapin មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis គឺជាប្រភេទអណ្ដើកទឹកសាប មួយក្នុងចំណោមប្រភេទអណ្ដើកទឹកសាប ទាំងអស់ក្នុងពិភពលោក ដែលទទួលរងការគំរាមកំហែងបំផុត។ នៅកម្ពុជា កិច្ចខិតខំប្រឹងប្រែងស្តារចំនួនអណ្តើកហ្លួង ឡើងវិញ បានផ្តោតលើការការពារសម្បុក ការចិញ្ចឹមថែទាំកូនអណ្ដើក រហូតដល់ពួកវាធំពេញវ័យ អាច លែងឱ្យរស់រានបានដោយខ្លួនឯង ក្នុងទីជម្រកធម្មជាតិ ការតាមដានត្រួតពិនិត្យអណ្តើកហ្លួង ដែលត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិ និងការការពារប្រព័ន្ធព្រែកស្រែអំបិល ពីការនេសាទខុសច្បាប់ ការបូមខ្សាច់ និងការបាត់បង់ទីជម្រកធម្មជាតិ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍ កន្លងមកនេះ គម្រោងអភិរក្សអណ្តើកហ្លួង បាន លែងអណ្តើកហ្លួង ប្រមាណជាង ២០០ក្បាល ចូលក្នុងទីជម្រកធម្មជាតិវិញដោយជោគជ័យ។

សម្រាប់ប្រភេទសត្វដែលប្រឈមនឹងការរងគ្រោះបែបនេះ ការស្តារចំនួនវាឡើងវិញ ជាទូទៅត្រូវការរយៈពេលយូរ និងការសហការ ការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន។ នៅឆ្នាំ២០២៤ គម្រោងអភិរក្សអណ្តើកហ្លួង បានកត់ត្រាជាលើកដំបូងបំផុត នូវសម្បុកពងកូនរបស់អណ្ដើកហ្លួងញី មួយក្បាល ដែលជាអណ្តើ កហ្លួងមួយ ក្នុងចំណោមអណ្តើកហ្លួងដែលគម្រោងបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ។ នៅក្នុងប៉ុន្មានខែ នៃដើមឆ្នាំ២០២៦ នេះ អ្នកអភិរក្សអណ្តើកហ្លួង បានរកឃើញសម្បុកពងកូនរបស់អណ្តើកហ្លួង ចំនួនបី នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខណៈដែលសម្បុកពងកូនអណ្តើកហ្លួង មិនត្រូវបានប្រទះឃើញទាល់តែសោះ ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក្តី ការស្តារចំនួនអណ្តើកហ្លួង ឡើងវិញ នៅតែជារឿងផុយស្រួយ។

ការសិក្សាដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំមុន ដោយអង្គការ WCS បានរកឃើញថា ឆ្នេរខ្សាច់សំខាន់ៗ សម្រាប់ការធ្វើសម្បុកពងកូនរបស់អណ្តើកហ្លួង នៅតែទាមទារជាចាំបាច់ ឱ្យមានការការពារនិងគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ ដើម្បីរក្សាជាទីជម្រកធម្មជាតិសមស្របសម្រាប់អណ្តើកហ្លួង ក្នុងការរស់នៅនិងបន្តពូជ។

ចាប់តាំងពីពេលដែលអណ្តើកហ្លួង ត្រូវបានរកឃើញថា មានវត្តមានឡើងវិញ នៅដើមទសវត្សរ៍ឆ្នាំ២០០០ សហ គមន៍មូលដ្ឋាន មានតួនាទីយ៉ាងសកម្មក្នុងកិច្ចការអភិរក្សអណ្តើកហ្លួងនេះ។ ប្រជាពលរដ្ឋដែលធ្លាប់តែជាអ្នកប្រមូលពង (ស៊ុត) អណ្តើកហ្លួង ត្រូវបានជ្រើសរើសមកឱ្យជួយស្វែងរកទីតាំងនិងការពារសម្បុកពងកូនរបស់អណ្តើកហ្លួង ជំនួសឱ្យការប្រមូលពង (ស៊ុត) របស់វា ហើយបែរមកជួយការពារពងកូនរបស់អណ្តើកហ្លួង វិញ ក្នុងរដូវកាលដែលអណ្តើកហ្លួងពងកូន ដើម្បីអាចឱ្យកូនអណ្ដើកហ្លួង ដែលទើបញាស់ ទទួលបាននូវឱកាសកាន់តែប្រសើរឡើង ក្នុងការរស់រានមានជីវិត។

ក្នុងពិធីលែងអណ្តើកហ្លួងនេះ អគ្គនាយកដ្ឋានជលផល និងអង្គការ WCS ក៏បានផ្តល់ការកោតសរសើរដល់គ្រួសារមួយ ក្នុងសហគមន៍ ចំពោះការប្តេជ្ញាក្នុងការងារអភិរក្សអណ្តើកហ្លួង អស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។

លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ៖ “អណ្តើកហ្លួង គឺជាប្រភេទធនធានជលផលកំពុងរងគ្រោះ ថ្នាក់ ក្នុងចំណោមប្រភេទរងគ្រោះថ្នាក់ ទាំង៥៨ ដទៃទៀត ដែលអគ្គនាយកដ្ឋានជលផល បានយកចិត្តទុកដាក់ការពារនិងអភិរក្ស ដើម្បីធានាបាននិរន្តរភាពរបស់ប្រភេទទាំងនេះ នៅក្នុងទីជម្រកធម្មជាតិ។ អគ្គនាយកដ្ឋានជលផល សូមថ្លែងអំណរគុណដល់ដៃគូទាំងអស់ ជាពិសេស អង្គការ WCSs បានជួយគាំទ្រដល់សកម្មភាពអភិរក្ស និងស្តារប្រភេទអណ្តើកហ្លួង នេះឡើងវិញ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ”។

លោក អាលីសស្ទែរ មូលដ៍ (Alistair Mould) នាយកប្រចាំប្រទេស នៃអង្គការ wcs កម្ពុជា បានមានប្រ សាសន៍ថា ៖ “យើងកំពុងចាប់ផ្តើមឃើញសញ្ញាពិតប្រាកដជាលើកដំបូងថា កិច្ចខិតខំប្រឹងប្រែងរបស់យើង អាចស្តារចំនួនអណ្តើកហ្លួង ក្នុងធម្មជាតិវិញបាន។ អណ្តើកហ្លួង នៅតែងាយរងគ្រោះខ្លាំង ហើយលទ្ធភាពនៃការស្តារចំនួនសត្វនេះ ឱ្យមានច្រើនឡើងវិញ អាចបន្តទៅបានទៀត លុះត្រាណាតែឆ្នេរខ្សាច់សម្រាប់ពងកូនរបស់វា និងព្រៃលិចទឹក ព្រៃតាមមាត់ព្រែកនៃប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានការពារបានល្អ”។

ប្រទេសសិង្ហបុរី បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនេះ តាមរយៈការផ្តល់ការគាំទ្រជាបន្តបន្ទាប់ តាមរយៈមូលនិធិ Mandai Nature រួមមានការសាងសង់មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដែលជាកន្លែងសម្រាប់ចិញ្ចឹម មើលថែកូនអណ្តើកហ្លួង និងជាផ្នែកមួយនៃកម្មវិធីស្តារចំនួនអណ្តើកហ្លួង។

លោក ស្ទីវិន ប៉ាង ឈីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ “នេះគឺជាផ្នែកមួយនៃការជឿជាក់ដ៏ទូលំទូលាយថា សិង្ហបុរី ក្នុងនាមជាប្រទេសតូចមួយ ដែលឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះជីវៈចម្រុះ ហើយយើងត្រូវតែចូលរួមចំណែកប្រកប ដោយអត្ថន័យ ក្នុងការអភិរក្សធនធានធម្មជាតិ លើសពីព្រំដែនរបស់យើង។ យើងប្រហែលជាមិនមានវិសាល ភាពធនធានធម្មជាតិធំធេង ជារបស់ខ្លួនឯងទេ ប៉ុន្តែយើងមានជំនាញ ធនធាន និងភាពជាដៃគូ ហើយយើងប្តេជ្ញាក្នុងការធ្វើការងារនេះ ឱ្យមានប្រសិទ្ធភាព”។

លោកបណ្ឌិត សុនចា លូស (Sonja Luz) នាយកប្រតិបត្តិនៃអង្គការ Mandai Nature បានមាន ប្រសាសន៍ថា ៖ “ការស្តារចំនួនសត្វព្រៃ ក្នុងទីជម្រកធម្មជាតិឡើងវិញ មិនចេះតែអាចធ្វើបានភ្លាមៗនោះទេ ហើយជំហានជោគជ័យសំខាន់ៗដូចពេលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការនិងការប្តេជ្ញាអស់រយៈពេលជាច្រើនឆ្នាំ មកហើយ ដោយរួមមានទាំងការចូលរួមចំណែកពីដៃគូ និងសហគមន៍នៅមូលដ្ឋាន។ តាមរយៈការគាំទ្រដ៏យូរអង្វែងរបស់យើង យើងមានកិត្តិយសក្នុងការបន្តជំរុញនិងពង្រីកកិច្ចខិតខំប្រឹងប្រែងសំខាន់ៗទាំងនេះ នៅមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានលទ្ធផលយូរអង្វែង។”

សត្វអណ្តើកហ្លួង ត្រូវបានកំណត់ជាសត្វលូនជាតិ របស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៥។ ការស្តារចំនួនអណ្តើកហ្លួង ឡើងវិញ ដែលមានរយៈកាលយូរអង្វែង គឺអាស្រ័យលើការបន្តជាប់លាប់នូវការការពារឆ្នេរខ្សាច់សម្រាប់ធ្វើសម្បុកពងកូនរបស់អណ្តើកហ្លួង ព្រៃលិចទឹក ព្រៃតាមមាត់ព្រែក និងប្រព័ន្ធព្រែកស្រែអំបិល ទាំងមូល ព្រមទាំងការបន្តការគាំទ្រដល់សហគមន៍មូលដ្ឋានដែលជួយការពារសម្បុកអណ្ដើកហ្លួង នៅទីជម្រកធម្មជាតិ៕ ខៀវទុំ

RELATED ARTICLES