ខេត្តសៀមរាប ៖ បុរសម្នាក់ ជាគ្រូទាយ បានបោកជនរងគ្រោះថា ខ្លួនមានរបស់ស័ក្តិសិទ្ធិ (គោបាធ្វើពីសំរឹទ្ធ) គិតជាតម្លៃ រាប់ម៉ឺនដុល្លារ ទើបជនរងគ្រោះមានជំនឿ សុំជាវ ប្រគល់ប្រាក់ឱ្យគ្រូទាយរូបនោះ ជិត១ម៉ឺនដុល្លារ ចុងក្រោយពេលបានវត្ថុស័ក្តិសិទ្ធិ យកមកពិនិត្យ ទើបដឹងថាក្លែងក្លាយ ក៏ប្តឹងសមត្ថកិច្ចចាប់វាយេខ្នាះគ្រូបោក យកទៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឹម ស៊ីណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលពាក្យបណ្តឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ តាមប្រព័ន្ធទូរស័ព្ទ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បានចុះនាំខ្លួនជនសង្ស័យឈ្មោះសឹម ស៊ីណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប យកមកសាកសួរ ពាក់ព័ន្ធករណីឆបោក (លក់របស់ស័ក្តិសិទ្ធិគោបាធ្វើពីសំរឹទ្ធ) រួចបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប។

តាមប្រភពមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះសឹម ស៊ីណាន ជាគ្រូទាយ បានជួបជនរងគ្រោះឈ្មោះញ៉ សុខឃីម ហើយបាននិយាយប្រាប់ជនរងគ្រោះថា រូបគេមានរបស់ស័ក្តិសិទ្ធិ (គោបាធ្វើពីសំរឹទ្ធ) ជារបស់ពិត បើលក់ បានប្រាក់រាប់ម៉ឺនដុល្លារ បើចង់បាន ប្រគល់ប្រាក់ឱ្យរូបគេ ដើម្បីយកមកធ្វើពិធីដាស់ ឱ្យជនរងគ្រោះយកទៅកាន់ ទុកប្រើប្រាស់បានសុខសប្បាយ។ ពេលនោះជនរងគ្រោះបានប្រគល់ប្រាក់ឱ្យទៅជនសង្ស័យ សរុបចំនួន ៦ពាន់ដុល្លារ និងប្រាក់រៀល ចំនួន ១៦លានរៀល។ លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានណាត់ឱ្យជនរងគ្រោះមកយក តែពេលដែលជនរងគ្រោះយកមកពិនិត្យ ដឹងថាគឺជារបស់ក្លែងក្លាយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសឹម ស៊ីណាន បានឆ្លើយបំភ្លឺថា រូបខ្លួនធ្លាប់បាននិយាយប្រាប់ជន រងគ្រោះថា ខ្លួនមានគោបា ជារបស់ស័ក្តិសិទ្ធិ ដោយឱ្យមើលតាមរយៈរូបថត ហើយខ្លួនបានទទួលស្គាល់ថា ពិតជាបាននិយាយឱ្យជនរងគ្រោះប្រគល់ប្រាក់ជាបន្ត បន្ទាប់សរុប ទឹកប្រាក់ចំនួន ៦ពាន់ដុល្លារ និង១៦លានរៀល ប្រាកដមែន ដោយប្រាក់ទាំងអស់នោះ ជនរងគ្រោះបានវេរឱ្យរូបខ្លួន តាមរយៈកុងធនាគារ ABA ។ ក្រោយពីទទួលប្រាក់ពីជនរងគ្រោះ រូបខ្លួនបានយកប្រាក់នោះទៅសងគេ និងចាយវាយផ្ទាល់ខ្លួនអស់ហើយ។ ចំពោះគោបា ធ្វើពីសំរឹទ្ធនោះ គឺគ្មានទេ គឺរូបខ្លួននិយាយកុហកជនរងគ្រោះ ចំពោះរូបសំណាកគោបានោះ ជារូបដែលខ្លួនធ្វើខ្លួនឯង មិនមែនរបស់ពិតទេ។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕