Sunday, July 13, 2025
Homeតារាខ្មែរតារាស្រី ៣ដួង អាយុដូចគ្នា ស្នេហាខុសគ្នា

តារាស្រី ៣ដួង អាយុដូចគ្នា ស្នេហាខុសគ្នា

ភ្នំពេញ ៖ នៅក្នុងសង្គមសិល្បៈ តារាស្រីស្អាតៗជាមុខសញ្ញានៃការតាមប្រមាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំ, ប្រុសអ្នកមានទ្រព្យស្ដុក និងអាណិកជនខ្មែរនៅក្រៅប្រទេស ជាដើម ទើបមានតារាខ្លះកំពុងតែល្បីក៏បាត់ខ្លួនទៅវិញ។ សម្រាប់ឆ្នាំ២០២៥ នេះឃើញមានតារាស្រី ៣ដួង អាយុស្មើគ្នា មិនទាន់រៀបការដូចគ្នា ប៉ុន្ដែស្នេហាពួកគេ មិនដូចគ្នាឡើយ ។

 ១- សុខ ពិសី ៖ តារាសាច់ដូចបណ្ដូលចេករូបនេះ ត្រូវបានគេសរសើរថា នាងនៅរក្សាបានសម្រស់ក្មេងជាងវ័យ ព្រោះអាយុ ៣៥ឆ្នាំទៅហើយ តែរាងនៅស្វែល អត់ក្បាលពោះ មិនឡើងគីឡូ ។ ពិសី ដែលច្រៀងឲ្យសាន់ដេ ជាង១០ឆ្នាំទៅហើយ អាចនឹងបញ្ចប់អាជីពនៅទ្រនំនេះតែម្ដង ព្រោះតាមព័តមានថា នឹងក្លាយទៅជាថៅកែស្រីផលិតកម្មធំមួយនេះ បន្ទាប់ពីរៀបការជាមួយលោកឡាយ សុខចំរើន នាពេលខាងមុខ ។ ប៉ុន្ដែគួរឲ្យស្ដាយ ទាំងពិសី និងលោកចំរើន មិនធ្លាប់សារភាពស្នេហាម្ដងណាទេ ជាង១ទសវត្ស មកហើយ ហេតុនេះហើយធ្វើឲ្យដំណឹងរៀបការរបស់ពួកគេ ស្ងាត់ដូចចោរលួចសេះ ។

 ២- មាន សូនីតា ៖ ក្នុងវ័យ៣៥ឆ្នាំ មាន សូនីតា ធ្លាប់សារភាពថា នាងមានម្ចាស់ស្នេហាហើយ តែស្ថិតក្នុងដំណាក់កាលស្វែងយល់ចិត្តគ្នានៅឡើយ ហេតុនេះមិនទាន់អាចកំណត់ថ្ងៃរៀបការបានទេ ។ អ្វីដែលគួរឲ្យភា្ញក់ផ្អើល ក្រោយលាក់មុខប្រុសស្នេហ៍ ជាច្រើនឆ្នាំ ស្រាប់តែកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សូនីតា ទទួលបានចិញ្ចៀនពេជ្រមួយវង់ ពីប្រុសម្នាក់ ពេលពួកគេញ៉ាំអាហារនៅអង្គរវ៉ាយដ៍ឡាយហ្វ៍ និងអាខ្វារៀម (Angkor Wildlife & Aquarium) ដែលជាអាងពិព័រណ៍ត្រីទឹកសាប ត្រីទឹកប្រៃ នៅខេត្តសៀមរាប តែនាងបែរជាលាក់ មុខម្ចាស់កាដូទៅវិញ ។ អ្នកលេងបណ្ដាញសង្គមជាច្រើន សង្ស័យថា ប្រុសលាក់មុខរបស់សូនីតា គឺជាលោកសេង មង្គល (ហូរ ប៉ូសេង) ព្រោះពួកគេបង្ហោះរូបនៅទីតាំងតែមួយ នៅថ្ងៃតែមួយ ។ ប៉ុន្តែលោកមង្គល ចេញ មុខអះអាងថា លោកមិនបានដឹងរឿងពាក់ព័ន្ធសូនីតា នោះទេ ។

៣- នៅ សុនិតា ៖ តារាកូន១ រូបនេះ ទើបតែធ្វើខួបកំណើតគម្រប់អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយសារដែលមិត្តរួមអាជីពជូនពរនាងច្រើនជាងគេ គឺឲ្យនាងសម្រេចបំណងពពោះកូនភ្លោះ ដោយគ្មានតារាណាឲ្យយោបល់នាងពីរឿងរៀបការឡើយ ។ សុនិតា ដែលត្រូវគេហៅថា «ជំទាវ» នោះ បច្ចុប្បន្នមានតំណែងធំ២ គឺជាអនុប្រធានសមាគមសិល្បករខ្មែរ និងប្រធានផ្នែកពិធីការរបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦។ អតីតពិធីការិនីប៉ុស្ដិ៍លេខ៥ រូបនេះ បានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ មានតួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ និងសម្រាលបានកូនប្រុសនៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៩ ៕

RELATED ARTICLES