Sunday, July 13, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា លក់ដាច់

រ៉េត ស៊ូហ្សាណា លក់ដាច់

ភ្នំពេញ ៖ ស្រីស្អាត រ៉េត ស៊ូហ្សាណា នឹងដឹកដៃតារារ៉េប វណ្ណដា ទៅច្រៀងសម្ដែងនៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក ជាលើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នេះហើយ នេះបើតាមការប្រ កាសរបស់ផលិតកម្មបារមី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ផលិតកម្មនេះ បានអះអាងថា សំបុត្រ ត្រូវបានលក់ដាច់អស់ (Soul Out) ទៅហើយ បើទោះជាតារារបស់ខ្លួន មិនទាន់ចេញដំណើរទៅដល់អាមេរិក ។

ប្រភពបានឲ្យដឹងថា ស៊ូហ្សាណា ត្រូវចាប់ដៃវណ្ណដា ច្រៀងលើទឹកដីអាមេរិក ជាលើកទី១ តែវណ្ណដា ធ្លាប់ចេញទៅច្រៀងសម្ដែងនៅអាមេរិក កាលពីឆ្នាំមុន ។ យ៉ាងណា តាមព័តមានថា ក្រៅពីរ៉េត ស៊ូហ្សាណា ក៏មានតារា ៣ដួងផ្សេងទៀត បានរួមដំណើរ គឺលោកយូ ហៃ, វណ្ណថាន និងនរិន្ទ ប៉ុន្ដែតារាស្រី មានតែហ្សាណា ម្នាក់ប៉ុ ណ្ណោះ ហេតុនេះក្រៅពីចាប់ដៃជាមួយវណ្ណដា នាងក៏ត្រូវច្រៀងឆ្លងឆ្លើយជាមួយដៃគូ លោកយូ ហៃ ផងដែរ ។

 គួររំលឹកថា រ៉េត ស៊ូហ្សាណា ធ្លាប់បង្ហាញអារម្មណ៍រីករាយថា នាងនឹងទៅច្រៀងនៅទីក្រុងឡូសអែនចេឡេស (Los Angeles) សហរដ្ឋអាមេរិក ជាលើកដំបូង នៅថ្ងៃទី១២ និង១៣ ខែកក្កដា ប៉ុន្ដែពេលនេះការច្រៀងសម្ដែងរបស់នាង បានប្រែប្រួលវិញ និងលើកទៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើនៅ Asian Art Museum ហើយមិនមែនទៅម្នាក់ឯងទេ តែជាក្រុមតែម្ដង ។ ប្រភពបានឲ្យដឹងថា ហ្សាណា មានគម្រោងទៅដើរកម្សាន្ដ មើលឆ្នេរស្រាត នៅអាមេរិក នៅទីក្រុង San Francisco (Baker Beach San Francisco) ដែរ ព្រោះនាងជានារីដែលចូលចិត្តសមុទ្របំផុត។ ចំណែកការលក់សំបុត្រ ដាច់អស់តាំងពីមុនការច្រៀងសម្ដែងនោះ ព្រោះតែអាណិកជនខ្មែរ នៅទីនោះ ចង់គយគន់ដោយផ្ទាល់ សម្រស់របស់ស្រីស្រស់ ហ្សាណា ដែលមានត្រេមុខដូចកូនកាត់ជប៉ុន ថាតើរូបពិតស្អាតដូចក្នុង MV មែនឬយ៉ាងណា?

 រ៉េត ស៊ូហ្សាណា បានចេញពីហង្សមាស ចូលផលិតកម្មបារមី ជិត១ឆ្នាំហើយ តែនាងមិនទាន់ចាប់ដៃជាមួយតារារ៉េប វណ្ណដា ទេ គឺបែរជាក្លាយទៅជាដៃគូរបស់លោកយូ ហៃ ទៅវិញ ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ មុនស៊ូហ្សាណា សម្ដែងនៅអាមេរិក នាងបានលេងខ្លួនកាន់តែប្លែកទៅៗ ដូចជាស្លៀកឈុតខ្លះបញ្ចេញសាច់គល់ភ្លៅសខ្ចី និងពាក់ខ្សែចង្កេះ យ៉ាងសិចស៊ីទៀតផង។ ប៉ុន្ដែហ្សាណា នៅមិនទាន់មានបទល្បីខ្លាំង ដូចកាលនៅផលិតកម្មចាស់ឡើយ ។ អ្វីដែលធ្វើឲ្យអាជីពនាង មានការប្រែប្រួលខ្លាំងនោះ គឺថៅកែបារមី បានផ្ដល់សិទ្ធិពិ សេសឲ្យនាង ដូចជា អាចនិពន្ធនិងដឹកនាំ MV ដោយខ្លួនឯង ដែលធ្វើឲ្យពេលនេះ នាងចង់ច្រៀងបទអ្វីដែលខ្លួនស្រលាញ់ បានតាមចិត្ត ។          

សូមបញ្ជាក់ថា រ៉េត ស៊ូហ្សាណា វ័យ២៥ឆ្នាំ តាំងពីចាប់អាជីពចម្រៀង ជិត១០ឆ្នាំមកនេះ នាងត្រូវបានម្ដាយតាមជាប់គ្រប់ជំហានទាំងអស់ ហេតុនេះហើយ ប្រុសៗដែលចង់ញ៉ែនាង ដោយផ្លូវកាត់ គឺពិតជាមិនអាចទៅរួច ឡើយ ។ សម្រាប់តារាប្រុសវិញ ហ្សាណា ស្និទ្ធស្នាលប្រុសពីរនាក់ ដូចជាអំឡុងនៅផលិតកម្មហង្សមាស នាងទុកចិត្តតែកូនឧកញ៉ា ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ តែពួកគេលែងស្និទ្ធស្នាលគ្នាវិញ តាំងពីឆ្នាំ២០២២ ។ មកដល់ផលិតកម្មបារមី ហ្សាណា បង្ហាញភាពស្និទ្ធស្នាលជាមួយលោកយូ ហៃ ព្រោះពួកគេផុសសារនឹករលឹកគ្នាដោយភាសារផ្អែមល្ហែម នៅលើបណ្ដាញសង្គម ជាចំហតែម្ដង រហូតមាន Fan ទាំងសងខាង ចង់ឃើញពួកគេក្លាយទៅជាគូសង្សារមែនទែនទៀតផង។ ប៉ុន្ដែការជាន់ទឹកដីអាមេរិក ជាលើកដំបូង របស់ហ្សាណា នាពេលខាងមុខនេះ គេជឿថា ប្រាកដជាមានប្រុសជាច្រើនឃាត់ដំណើរនាង ឲ្យបន្ដរស់នៅទីនោះជាអចិន្ត្រៃយ៍ជាមិនខាន ប្រសិនបើលោកយូ ហៃ ពន្យារពេលសារភាពស្នេហ៍នាង៕

RELATED ARTICLES