ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ រស់នៅតាមតំបន់ដែនជម្រកការពារសត្វព្រៃនានា ក្នុងខេត្តមណ្ឌលគិរី កំពុងសប្បាយរីករាយក្នុងការប្រមូលផលផ្សិតប៉ក់ ដែលមានតម្លៃខ្ពស់ និងកំពុងត្រូវប៉ាន់នៅក្នុងទីផ្សារ យកមកលក់ ខណៈឈ្មួញបានសម្រុកចុះទិញដល់មុខផ្ទះ មិនខ្វល់លំបាកដឹកជញ្ជូនទៅលក់។

ផ្សិតប៉ក់ នេះត្រូវបានឈ្មួញនាំយកទៅលក់នៅប្រទេសថៃ តាមច្រកស្មាច់ បានតម្លៃពី៤៥ ០០០រៀល ទៅជិត ៦០ ០០០រៀល ក្នុង ១គីឡូក្រាម។

បងប្អូនជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បាននិយាយថា អ្នកភូមិគាត់ ទាំងក្មេង ចាស់ប្រុសស្រី គឺបាននាំគ្នាចូលទៅព្រៃ ដើម្បីដើររកផ្សិតប៉ក់ ដែលដុះតាមព្រៃនានា នៅមិនឆ្ងាយប៉ុន្មានពីភូមិរបស់គាត់ឡើយ។ អ្នកភូមិ បានបន្តថា បើថ្ងៃ ណាពួកគាត់ដើរប៉ះចំកន្លែងផ្សិតដុះច្រើន ហើយមិនទាន់មានអ្នករកមុន គាត់អាចរកផ្សិតបានម្នាក់ ពី៥ទៅ១០គីឡូក្រាម តែថ្ងៃខ្លះ ម្នាក់រកមិនបានសូម្បីមួយគីឡូ ក៏មានដែរ ព្រោះផ្សិតនេះ វាដុះរើសដីណាស់ ដីដែលមានលក្ខណៈសើមតិចៗ ដីលាយល្បាយខ្សាច់ និងសម្បូរអ្នកដើររកណាស់ ដូច្នេះបើទៅមិនទាន់គេទេ ប្រាកដជាអត់មិនខាន។

លោកគីណា អ្នកប្រមូលទិញផ្សិតប៉ក់ ពីអ្នកភូមិ បានឱ្យដឹងថា គាត់អាចប្រមូលទិញផ្សិតប៉ក់ ពីបងប្អូនដែលរកចេញពីព្រៃ ក្នុងមូយថ្ងៃ ចន្លោះពី៥០ ទៅ១០០គីឡូក្រាម ហើយតម្លៃគាត់ទទួលទិញមាន ៣៥ ០០០រៀល ទៅ៤០ ០០០រៀល តាមគុណភាពផ្សិត។ លោកបន្តថា ឥឡូវនេះអ្នកដើររកផ្សិត មានច្រើន ចំណែកអ្នកទទួលទិញ ក៏មានច្រើនដូចគ្នា អ៊ីចឹងហើយពេលខ្លះគាត់ប្រមូលទិញ ក៏មិនបានច្រើនទេ។ ចំណែកថៅកែខ្លះ គាត់មានបណ្តាញច្រើន អាចទិញបានខ្ទង់តោន ក៏មាន តែនេះគឺជារបរបន្ទាប់បន្សំ ក្រៅពីអាជីពជាមន្ត្រីរាជការ ដោយគាត់អាចរកចំណូលចំណេញបានសម្រាប់ផ្គត់ផ្គង់គ្រួសារ។

អ្នកភូមិ បានបញ្ជាក់ថា ផ្សិតប៉ក់ ចាប់ផ្តើមដុះ និងអាចប្រមូលផលបាន ក្រោយមានភ្លៀងធ្លាក់ពីរបីមេ ដើមរដូវ (ដើមខែឧសភា) គឺវាចាប់ផ្តើមធំ និងអាចប្រមូលផលបាន ហើយការប្រមូលផល ក៏មិនមានរយៈពេលយូរដែរ គឺមានពេលតែ ២ទៅ៣អាទិត្យប៉ុណ្ណោះ ផ្សិតនេះចាប់ផ្តើម ចាស់ គេលែងទទួលទិញ ទោះជាទិញ ក៏តម្លៃបានថោកខ្លាំង ប្រមាណ៤ទៅ៥ពាន់រៀល ក្នុង១គីឡូ ដែលតម្លៃទាបពេក មិនអាចទូទាត់ជាមួយការចំណាយកម្លាំងនិងពេលវេលា។

លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការចូលទៅរក ឬប្រមូលផលអនុផលព្រៃឈើ (ផ្សិតប៉ក់) មិនត្រូវបានហាមឃាត់នោះទេ ហើយចំពោះរដូវភ្លៀងនេះ ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលទៅប្រមូលផលផ្សិតប៉ក់។

លោកប្រធានមន្ទីរ បន្ថែមថា ការចូលទៅប្រមូលផលផ្សិតប៉ក់ មន្ទីរបរិស្ថាន បានបើកទូលាយ អាចឱ្យបងប្អូនចូលទៅរកបាន ប៉ុន្តែសម្រាប់នៅតំបន់ស្នូល ឬតំបន់អ់ភិរក្ស សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជូនដំណឹងជាមុនដល់ស្នាក់ការ ឬមន្ត្រីជំនាញដែលនៅជិតនោះ។ ចំពោះតំបន់ ២ទៀត មានតំបន់សហគមន៍ និងតំបន់ប្រកបដោយចីរភាព បងប្អូនប្រជាពលរដ្ឋ អាចចូលទៅរក ឬប្រមូលផលអនុផលព្រៃឈើបាន ដោយពុំចាំបាច់សុំការអនុញ្ញាតពីមន្ត្រីជំនាញឡើយ។

ជាមួយគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលទៅរកផល អនុផលព្រៃឈើ សុំធ្វើការសហការផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ប្រសិនបើឃើញជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដូចជា កាប់ព្រៃឈើ កាប់រុករានព្រៃយកដី ឬការធ្វើ អាជីវកម្មឈើខុសច្បាប់ ដើម្បីមន្ត្រីជំនាញចាត់វិធានការបានទាន់ពេលវេលា៕
