Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ពន្យាពេលវាយប្រហារ​តាមដីគោក​រង់ចាំភ្លើងខៀវពីអាមេរិក

អ៊ីស្រាអែល ពន្យាពេលវាយប្រហារ​តាមដីគោក​រង់ចាំភ្លើងខៀវពីអាមេរិក

សេតវិមានបាននិយាយកាលពីថ្ងៃអង្គាថា ប្រធានាធិបតីអាមេរិកលោក ចូបៃដិន បានបញ្ជូនមន្ត្រីយោធាជាន់​ខ្ពស់មួយចំនួនទៅប្រទេសអ៊ីស្រាអែលដើម្បីផ្តល់ការប្រឹក្សាដល់យោធាអ៊ីស្រាអែលលើប្រតិបត្តិការនៅតំបន់ហ្គាហ្សា។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកJohn Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន​នៅ​​សេតវិមានថា អ្វីដែលខ្ញុំអាចប្រាប់អ្នកបាននោះគឺថា មានមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនដែល​មានបទពិ​សោធន៍ សមស្របទៅនឹងប្រភេទនៃប្រតិបត្តិការដែលអ៊ីស្រាអែលកំពុង​ធ្វើនិងអាចធ្វើនៅពេលអនាគតទៅ​ទីនោះ​ដើម្បីចែករំលែកទស្សនៈមួយចំនួនដល់ទាហានអ៊ីស្រាអ៊ែល។

មុននេះ គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា លោកបៃដិន បានជ្រើសរើសឧត្តមសេនីយ​ឯកកងម៉ារីនលោក James Glynn ដែលត្រូវបានគេស្គាល់ថាជាអ្នកចូលរួមក្នុងប្រតិបត្តិការពិសេស​របស់​កងម៉ារីនប្រឆាំងនឹងក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីផ្តល់​យោបល់ដល់យោធាអ៊ីស្រាអែល។

ការបញ្ជាក់នេះបានកើតឡើងចំពេលមានរបាយការណ៍ដែលថាអ៊ីស្រាអែលកំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការជើងគោកនៅហ្គាហ្សា។ទន្ទឹមនឹងនេះដែរកាលពីព្រឹកថ្ងៃចន្ទ វិទ្យុកងទ័ពអ៊ីស្រាអែល បាននិយាយថា ទីក្រុង Tel Aviv បានសម្រេចចិត្តពន្យារពេលប្រតិបត្តិការជើងគោកនៅហ្គាហ្សា Gazaដោយរង់ចាំការមកដល់នៃកង​កម្លាំង​អាមេរិកបន្ថែមទៅកាន់តំបន់នេះ។

នៅក្នុងការពិភាក្សានាពេលថ្មីៗនេះជាមួយសមភាគីអ៊ីស្រាអែលលោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិ​អា​មេរិក​លោក Lloyd Austin បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ ការពិចារណាយ៉ាងប្រុងប្រយ័ត្នមុនពេលចាប់​ផ្តើមយុទ្ធនាការដីគោកនៅក្នុងទឹកដីដែលមានប្រជាជនរស់នៅច្រើន។

រដ្ឋបាលសហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភផងដែរ… ថាកងកម្លាំងការពារអ៊ីស្រាអែលមិនទាន់មានផ្លូវយោធា​ច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូក្នុងការលុបបំបាត់​ក្រុមហា​ម៉ាស់​។លោកបន្ថែមថានៅក្នុងការសន្ទនាជាមួយមន្ត្រីអ៊ីស្រាអែលចាប់តាំងពីក្រុមហាម៉ាសវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ក្រុមមន្ត្រីអាមេរិកបាននិយាយថាពួកគេមិនទាន់ឃើញផែនការសកម្មភាព​ដែលអាចសម្រេចបាននៅ​ឡើយទេ ៕

RELATED ARTICLES