Wednesday, June 25, 2025
Homeព័ត៌មានអន្តរជាតិគ្រាប់ផ្លោងបន្តហោះចូលហ្គាហ្សា ជំនួយជាប់គាំង​នៅព្រំដែន សភាអឺរ៉ុប សុំបង្កើតច្រករបៀង​មនុស្ស​ធម៌

គ្រាប់ផ្លោងបន្តហោះចូលហ្គាហ្សា ជំនួយជាប់គាំង​នៅព្រំដែន សភាអឺរ៉ុប សុំបង្កើតច្រករបៀង​មនុស្ស​ធម៌

ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប សភាអឺរ៉ុប(EP)បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការបង្កើតច្រករបៀង​មនុស្សធម៌ចូលទៅកាន់​តំបន់ហ្គាហ្សាស្ទ្រីប។

EP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអំពាវនាវនេះគឺជាផ្នែកមួយនៃដំណោះស្រាយស្តីពីជម្លោះ​អ៊ីស្រាអែល​និងប៉ាឡេស្ទីនដែលបានអនុម័តនៅក្នុងសភាជាមួយនឹង ៥០០សំឡេងគាំទ្រ ប្រឆាំង២១ និងអនុ​បវាទ២៤។

សេចក្តីថ្លែងការណ៍បាននិយាយថាសមាជិកសភាអឺរ៉ុប ជំរុញសហគមន៍អន្តរជាតិឱ្យបន្តនិងបង្កើនជំនួយមនុស្ស​ធម៌របស់ខ្លួនដល់ប្រជាជនស៊ីវិលនៅក្នុងតំបន់។

ពួកគេអំពាវនាវឲ្យអេហ្ស៊ីប និងអ៊ីស្រាអែលសហការជាមួយសហគមន៍អន្តរជាតិដើម្បីបង្កើតច្រករបៀង​មនុស្ស​ធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទី្រប ។

ច្បាប់ដំណោះស្រាយនេះក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះទៅលើមន្ទីរពេទ្យ Al-Ahli Baptist នៅភាគខាងជើងហ្គាហ្សា ដែលបានសម្លាប់មនុស្សជាង៥០០នាក់​និងរងរបួសជាច្រើននាក់ទៀតដើម្បីកំណត់ថាតើនេះជាការវាយប្រហារដោយចេតនា និងជាឧក្រិដ្ឋកម្មសង្គ្រាម ហើយប្រសិនបើរកឃើញត្រូវឲ្យជនល្មើសទទួលខុសត្រូវ។បន្ថែមពីលើនេះពួកគេបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងបានគូសបញ្ជាក់​ពី​តម្រូវការ​ដើម្បី លុបបំបាត់អង្គការភេរវករ។

EP ទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប៉ុន្តែរាល់សកម្មភាពរបស់អ៊ីស្រាអែល ត្រូវតែអនុវត្ត​យ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់មនុស្សធម៌អន្តរជាតិ។

គិតមកដល់ថ្ងៃសុក្រនេះរថយន្តដឹកជំនួយមិនអាចឆ្លងចូលពីច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីបនៅឡើយ​ខណៈផ្លូវចូលកំពុងជួសជុល។រថយន្តដឹកស្បៀងជាច្រើនកំពុងជាប់គាំងនៅទីនោះ។

យោងតាមប្រភពមួយ បានប្រាប់ CNN ថា រថយន្តដឹកទំនិញទាំងនោះទំនងជាមិនបានចាកចេញ​នៅថ្ងៃស្អែក​ទេ។ប្រភពបាននិយាយថាការជួសជុលផ្លូវត្រូវធ្វើឡើងនៅផ្នែកខាងអេហ្ស៊ីបនៃតំបន់ទ្រនាប់៕

RELATED ARTICLES