ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារទី១៧ ខែតុលាឆ្នាំ ២០២៣សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃដែលជាកាយវិការឆ្លើយតបទៅនឹងការគាំទ្ររបស់ចិនសម្រាប់ទីក្រុងម៉ូស្គូក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ក៏ដូចជាការគាំទ្ររបស់រុស្ស៊ីសម្រាប់កាខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចនិងការទូតរបស់ខ្លួននៅបរទេស។លោកពូទីនត្រូវបានគេរំពឹងថានឹងចូលរួមក្នុងវេទិកាគំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់លើកទី៣និងជួបជាមួយសមភាគីចិនលោក ស៊ីជីនពីង។

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលត្រូវបានចាត់ទុកថាជាការបង្កើតឡើងវិញនូវផ្លូវសូត្របុរាណដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មពិភពលោកត្រូវបានប្រធានាធិបតីចិនលោកស៊ីជីនពីងស្នើឡើងក្នុងឆ្នាំ២០១៣ដើម្បីភ្ជាប់ប្រទេសចិនជាមួយនឹងទីផ្សារនៃអាស៊ីកណ្តាល មជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។តម្លៃរួមនៃការនាំចូល និងការនាំចេញរវាងប្រទេសចិន និងប្រទេសដៃគូបានឈានដល់ ១៩,១ពាន់ពាន់លានដុល្លារ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២គឺ ៦,៤% ។
លោកពូទីនដែលបានចុះចតនៅទីក្រុងប៉េកាំងត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មចិនគឺលោក Wang Wentao ។
ប្រទេសចិនកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយមានតំណាងនិងមន្ត្រីជាង៤០០០នាក់ត្រូវបានគេរំពឹងថានឹងចូលរួមពីប្រទេសប្រហែល ១៤០និងអង្គការអន្តរជាតិចំនួន ៣០។
យោងតាមវិមានក្រឹមឡាំងបានឲ្យដឺងថា លោក ពូទីន នឹងជួបពិភាក្សាជាមួយលោក ស៊ី ស្តីអំពីបញ្ហានៃ ការអភិវឌ្ឍន៍បន្ថែមទៀតនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រុស្ស៊ី-ចិន ក៏ដូចជាបញ្ហាតំបន់និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួនទៀត។លោកក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
នេះជាការធ្វើដំណើរដែលគេស្គាល់ជាលើកទីពីរនៅក្រៅប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីសប្តាហ៍មុន៕