យោងតាមកាសែតKommersant បានរាយការណ៍កាលពីថ្ងៃអង្គារទី៣ ខែតុលា ថា នៅខែក្រោយនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាក់ជំហររបស់លោកក្នុងចូលរួមក្នុងបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ហើយប្រសិនបើជាការពិតមែននោះ មានន័យថាប្រមុខវិមានក្រឹមឡាំងបន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០៣០ ។

កាសែតKommersantបានដកស្រង់ប្រភពដែលជិតស្និទ្ធនឹងរដ្ឋបាលប្រធានាធិបតី សុំមិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងថានៅក្នុងសន្និសីទខែវិច្ឆិកាខាងមុខនេះលោកពូទីនអាចប្រកាសថាលោកនឹងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនាឆ្នាំ២០២៤។
កាសែតដែលមានការគោរពបំផុតរបស់រុស្ស៊ីបាននិយាយថា មានសេណារីយ៉ូផ្សេងទៀតសម្រាប់អ្វីដែលលោកពូទីននឹងធ្វើនៅក្នុងសន្និសីទហើយថាការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើលោកពូទីនខ្លួនឯង។ជុំវិញបញ្ហានេះវិមានក្រឹមឡាំងមិនសុំធ្វើអត្ថាធិប្បាយភ្លាមៗទេ។
លោកពូទីនដែលត្រូវបានតែងតាំងជាប្រធានាធិបតីដោយលោក Boris Yeltsin នៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ បានកាន់តំណែងជាប្រធានាធិបតីយូរជាងមេដឹកនាំរុស្ស៊ីផ្សេងទៀតចាប់តាំងពីលោក Josef Stalin ដោយបានផ្តួលលោក Leonid Brezhnev ដែលបានកាន់តំណែងរយៈពេល១៨ឆ្នាំ ។
អ្នកការទូត អ្នកស៊ើបការណ៍ និងមន្ត្រីជាច្រើនបាននិយាយថា ពួកគេរំពឹងថាលោកពូទីននឹងបន្តកាន់អំណាចអស់មួយជីវិតនោះមិនទាន់មានការបញ្ជាក់ណាមួយអំពីផែនការរបស់គាត់ក្នុងការឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នៅឡើយទេ។
លោក ពូទីន បាននិយាយកាលពីខែមុនថា លោកនឹងធ្វើសេចក្តីប្រកាសអំពីផែនការរបស់លោក លុះត្រាតែសភាបានហៅការបោះឆ្នោតប្រធានាធិបតី ដោយផ្អែកទៅលើច្បាប់ដែលនឹងត្រូវធ្វើនៅក្នុងខែធ្នូ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនថា ប្រសិនបើលោក ពូទីន សម្រេចចិត្តឈរឈ្មោះនោះគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយលោកបានទេ ៕