Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំ បាញ់កក្រើកផ្សារទំនើប​ក្រុង​​​បាង​កក ស្លាប់៣ របួសជាច្រើន

ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំ បាញ់កក្រើកផ្សារទំនើប​ក្រុង​​​បាង​កក ស្លាប់៣ របួសជាច្រើន

ប៉ូលីសថៃបានចាប់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានបាញ់ប្រហារនៅក្នុងផ្សារតំនើបSiam Paragon បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់និង៣នាក់ផ្សេងទៀតរងរបួស។ចំណែកឯសារព័ត៌មាន Thai PBS បានដកស្រង់សម្តីពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ Erawan បាននិយាយថាមានអ្នក​របួសចំនួន ៧ នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ។ ប្រជាពលរដ្ឋដែលរត់គេចខ្លួនពី​កន្លែង​កើតហេតុបាននិយាយថាឮស្នូរកាំភ្លើងជាង១០គ្រាប់។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃបាងកកប៉ុស្តិ៍។នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារត្រូវបានចាប់ខ្លួន តាម​ពិតគាត់បានចុះចាញ់… ប៉ូលីសកំពុងសម្អាត កន្លែងកើតហេតុ ។ស្ថានការណ៍បានធូរស្រាលហើយ។ក្រុមប្រតិបត្តិការពិសេសរបស់ប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមចាប់ជនដៃដល់ហើយបានចាប់ខ្លួននៅសណ្ឋាគារ Siam Kempinski ដែលនៅក្បែរនោះប្រហែលម៉ោង ៥ និង ១០ នាទីល្ងាច។ គាត់បានដាក់​អាវុធ​ចុះចាញ់ដោយគ្មានការតស៊ូ។

ការបាញ់ប្រហារនេះកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃថ្ងៃដ៏បង្ហូរឈាមបំផុតមួយក្នុងប្រវត្តិសាស្ត្រថៃនាពេលថ្មីៗនេះ នៅពេលដែលអតីតប៉ូលីសប្រដាប់ដោយកាំបិត និងកាំភ្លើងបានវាយប្រហារកន្លែង​បណ្តុះកូន​តូច​ៗដោយសម្លាប់កុមារ២៤នាក់និងមនុស្សពេញវ័យ១២នាក់។នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលបានបញ្ជាក់ថាច្រកចូលនិងច្រកចេញទាំងអស់ទៅកាន់កន្លែងលក់ទំនិញដ៏ពេញនិយមនេះត្រូវបានបិទ។

ប្រទេសថៃមានអត្រាអ្នកមានកាំភ្លើងប្រើប្រាស់ខ្ពស់ ហើយមានប្រវត្តិប្រើអាវុធហិង្សាយ៉ាងយូរទាំងតូច និងធំ ៕

RELATED ARTICLES