នាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីន បានប្រាប់សភាកាលពីថ្ងៃអង្គារថាលោកកំពុងស្វែងរកការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤០០ បាតស្មើនឹងជាង១១,២៥ ដុល្លារ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃបច្ចុប្បន្នប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៀត ចាប់ពី ៣២៨ បាត(៩,២១ដុល្លារ)ទៅ ៣៥៤ បាត(៩,៩៤ដុល្លារ)។ ការដំឡើងប្រាក់ឈ្នួលចុងក្រោយបំផុតគឺនៅក្នុងខែតុលាឆ្នាំមុន។គណបក្សភឿថៃបានធ្វើយុទ្ធនាការបោះឆ្នោតលើគោលនយោបាយដែលរួមបញ្ចូលការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់ ៦០០ បាតស្មើនឹងជាង១៦,៨៥ដុល្លារនៅឆ្នាំ ២០២៧ ។

ក្នុងអំឡុងថ្ងៃទីពីរនិងជាថ្ងៃចុងក្រោយនៃការជជែកដេញដោលលើសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលលោកស្រេតថាបាននិយាយថាសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះនឹងមានការចរចារវាងភាគីទាំងបីគឺកម្មករ និយោជក និងរដ្ឋាភិបាល។ លោកបន្តថា ការដំឡើងប្រាក់ខែដើម្បីបំពេញតម្រូវការរបស់កម្មករគឺជាវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ៕