មេធាវីម្នាក់ដែលធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយជុំវិញរឿងក្តីពុករលួយមួយដែលគេហៅថាSnack box(ប្រអប់អាហារសម្រន់ដែលដាក់លុយនៅក្នុងនោះ)ត្រូវបានផ្តល់កៅអីមួយនៅគណៈរដ្ឋមន្ត្រីថ្មីដែលជាកូតារបស់ត្រកូលថាក់ស៊ីនគឺកូនស្រីពៅរបស់គាត់។
ប្រភពពីភឿថៃបាននិយាយកាលពីថ្ងៃអង្គារថា លោកPichit Chuenban ដែលជាមេធាវីមួយរូបត្រូវបានទុកចិត្តបំផុតដោយលោកថាក់ស៊ីននិងគ្រួសាររបស់គាត់ត្រូវបានផ្តល់តំណែងជារដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីដែលជាផ្នែកមួយនៃកូតាស៊ីណាវ៉ាត្រា។

រហូតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីស្រេតថា បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនៃជួរគណៈរដ្ឋមន្ត្រីរបស់លោកជាសាធារណៈទេ ទោះបីជាលោកបាននិយាយថាវាត្រូវបានបញ្ចប់ហើយនឹងដាក់ជូនព្រះមហាក្សត្រអនុម័តក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ពីការពិនិត្យដោយលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីក៏ដោយ។
លោកបានក្លាយជាមនុស្សលេចធ្លោកាលពីខែមិថុនា ឆ្នាំ២០០៨ ពេលលោកដឹកនាំក្រុមមេធាវីការពារក្តីលោកថាក់ស៊ីន។គាត់និងទីប្រឹក្សាច្បាប់ពីរនាក់ត្រូវបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែនៅពេលដែលតុលាការកំពូលបានឱ្យពួកគេទទួលខុសត្រូវចំពោះសាច់ប្រាក់ចំនួន២លានដុល្លារដែលបានរកឃើញរុំក្នុងថង់ក្រដាសនៅក្នុងបរិវេណតុលាការ។
លោក Pichit បានអះអាងថាលោកមិនបានដឹងអ្វីអំពីសាច់ប្រាក់នោះទេ ហើយគិតថាវាជាប្រអប់អាហារសម្រន់។គាត់ត្រូវបានគេមើលឃើញថាបានប្រគល់អ្វីដែលគេហៅថា ប្រអប់អាហារសម្រន់ទៅឱ្យក្រឡាបញ្ជីតុលាការ នៅពេលដែលថាក់ស៊ីន និងភរិយារបស់គាត់ឈ្មោះ Potjaman Na Pombejra នឹងត្រូវបង្ហាញខ្លួននៅក្នុងផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់ការិយាល័យនយោបាយ។
លោកថាក់ស៊ីនប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភសិទ្ធិអំណាចរបស់ខ្លួន ដើម្បីទិញដីឡូត៍នៅ រ៉ាដាពិសី ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។
ករណីនេះបានជំរុញឱ្យសមាគមច្បាប់នៃប្រទេសថៃដកសិទ្ធិ Pichit ជាមេធាវីដែលមានអាជ្ញាប័ណ្ណ ដោយព្យួរគាត់ពីការងាររយៈពេល ៥ ឆ្នាំ។ក្រោយមកលោកថាក់ស៊ីនត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០០៨។
ទន្ទឹមនឹងនេះ មិនយូរប៉ុន្មានក្រោយចេញពីពន្ធនាគារវិញ លោកPichit បានក្លាយជាសមាជិកសភាក្នុងបញ្ជីគណបក្សសម្រាប់គណបក្សភឿថៃ។ លោកបានដើរតួនាំមុខគេក្នុងការព្យាយាមជំរុញឱ្យមានការអនុម័តច្បាប់លើកលែងទោស ដែលនឹងធានាបាននូវសេរីភាពរបស់លោកថាក់ស៊ីន។
ទោះជាយ៉ាងណាក៏ដោយការប៉ុនប៉ងរបស់លោកPichitក្នុងការជំរុញច្បាប់នេះបានក្លាយជាបុព្វហេតុនៃការតវ៉ាដែលនាំទៅដល់រដ្ឋប្រហារឆ្នាំ 2014ដែលបានផ្ដួលរំលំរដ្ឋាភិបាលប្អូនស្រីរបស់លោកគឺលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ។
លោកPichitក៏ធ្លាប់ជាប្រធានក្រុមមេធាវីការពារក្តីដែលតំណាងឱ្យអតីតនាយករដ្ឋមន្ត្រីយីងឡាក់ផងដែរ។លោកស្រី យីងឡាក់ បានភៀសខ្លួនចេញពីប្រទេសថៃ មុនពេលដែលតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទធ្វេសប្រហែសព្រហ្មទណ្ឌពាក់ព័ន្ធនឹងគម្រោងធានាតម្លៃស្រូវ។នៅឆ្នាំ ២០១៩ លោក Pichit បានចាប់ផ្តើមធ្វើជាប្រធានក្រុមប្រឹក្សាច្បាប់នៃគណបក្ស Thai Raksa Chart មុនពេលគណបក្សនេះត្រូវបានរំលាយដោយតុលាការធម្មនុញ្ញ ៕