ប្រទេសឥណ្ឌាសង្ឃឹមថានឹងបង្កើតប្រវត្តិសាស្រ្ត ថ្មីក្លាយជាប្រទេសទីមួយក្នុងការចុះចតយានអវកាសនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទនៅថ្ងៃពុធនេះ។ នេះគឺជាការ ប៉ុនប៉ងលើកទីពីររបស់ខ្លួនដើម្បីចុះចតនៅលើឋានព្រះចន្ទហើយក៏ជាបេសកកម្មមួយរបស់ប្រទេសនេះក្នុងនាមជាមហាអំណាចអវកាសដែលបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការចុះចតរបស់រុស្ស៊ីបរាជ័យ។

យានអវកាស Chandrayaan-3 របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នឹងព្យាយាមចុះចតនៅលើប៉ូលខាងត្បូងនៅវេលាម៉ោង៦និង ៤នាទីល្ងាចថ្ងៃពុធ(ម៉ោងក្នុងស្រុក)តិចជាងមួយសប្តាហ៍បន្ទាប់ពីបេសកកម្ម Luna-25 របស់រុស្ស៊ីបានបរាជ័យ។
បេសកកម្មរបស់យានអវកាស Chandrayaan-3 គឺជាការប៉ុនប៉ងលើកទីពីររបស់ឥណ្ឌាដើម្បីចុះចតនៅទីនោះ។ កាលពីឆ្នាំ ២០១៩ បេសកកម្ម Chandrayaan-2 របស់ ISRO បានដាក់ពង្រាយនៅគន្លងគោចរដោយជោគជ័យ ប៉ុន្តែការចុះចតរបស់វាបរាជ័យ។
លោកCarla Filotico ដែលជាដៃគូ និងជានាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សា SpaceTec Partnersបាននិយាយថាការចុះចតនៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទនិងអនុញ្ញាតឱ្យឥណ្ឌារុករកថាតើវាមានទឹកកកដែលបង្កើតឡើងដោយទឹក(water Ice) នៅលើព្រះចន្ទដែរឬអត់ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា អាចជួយដល់ការរស់នៅរបស់មនុស្សនៅលើព្រះចន្ទនាពេលអនាគត។
ប្រសិនបើបេសកកម្មរបស់ Chandrayaan-3 ទទួលបានជោគជ័យ ឥណ្ឌានឹងគ្រាន់តែជាប្រទេសទី៤ ដែលសម្រេចបានការចុះចតនៅលើឋានព្រះចន្ទនិងលើកទី១នៅប៉ូលខាងត្បូង។
សហរដ្ឋអាមេរិក អតីតសហភាពសូវៀត និងចិន សុទ្ធតែសម្រេចបានការចុះចតនៅជិតខ្សែអេក្វាទ័ររបស់ព្រះចន្ទប៉ុន្តែគ្មានប្រទេសណាមួយបានដឹកនាំបេសកកម្មជោគជ័យទៅកាន់ប៉ូលខាងត្បូងនោះទេ។បេសកកម្មទៅប៉ូលខាងត្បូងនៃព្រះចន្ទគឺជាការសន្យាពិសេសក្នុងការស្វែងរកទឹកកកដែលកើតចេញពីទឹក។ផ្ទៃដីរាបស្មើដែលស្ថិតនៅតែជាស្រមោលអចិន្ត្រៃយ៍ មានទំហំធំ ហើយអ្នកវិទ្យាសាស្ត្រនិយាយថា វាមានន័យថាវា មានលទ្ធភាពមានទឹកនៅក្នុងតំបន់ទាំងនេះ៕