តុលាការកំពូលកាលពីព្រឹកថ្ងៃអង្គារ បានអានសាលក្រម និងកាត់ទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងសំណុំរឿងចំនួនបី ដែលគាត់ត្រូវបានកាត់ទោសផ្ទាល់ និងកាត់ទោសកំបាំងមុខ។នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយមុននេះបានបង្គាប់ឱ្យលោកថាក់ស៊ីនជាប់ពន្ធនាគារ រយៈពេលប្រាំបីឆ្នាំ គឺបីឆ្នាំដំណាលគ្នាក្នុងសំណុំរឿងពីរដំបូងនិងប្រាំឆ្នាំក្នុងសំណុំរឿងទីបី។នៅពេលដែលលោកថាក់ស៊ីនត្រូវបានបង្ហាញខ្លួននៅចំពោះមុខក្រុមចៅក្រមផ្នែកព្រហ្មទណ្ឌនៃអ្នកកាន់ការិយាល័យនយោបាយរបស់តុលាការកំពូលចៅក្រមបានសួរលោកថាក់ស៊ីនថាតើលោកគឺជាមនុស្សដូចគ្នាទៅនឹងអ្នកដែលត្រូវបានចោទប្រកាន់ និងកាត់ទោសក្នុងសំណុំរឿងទាំងបីនេះដែរឬទេ។
លោក ថាក់ស៊ីន បានបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ហើយ ចៅក្រមក៏បានអានទោសចំនួនបីរបស់គាត់រួមមាន៖

១- ជាប់គុកបីឆ្នាំពីបទរំលោភសិទ្ធិអំណាច បញ្ជាឱ្យធនាគារ Exim Bank អនុម័តប្រាក់កម្ចី ៤ពាន់លានបាតដល់មីយ៉ាន់ម៉ា។
២-ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទបញ្ជាដោយខុសច្បាប់នូវការិយាល័យឆ្នោតរដ្ឋាភិបាលឱ្យលក់ឆ្នោតពីរខ្ទង់ និងលេខបី។
៣-ជាប់គុករយៈពេលប្រាំឆ្នាំសម្រាប់ការបំពានសិទ្ធិអំណាចរបស់លោកក្នុងការធ្វើវិសោធនកម្មផ្តល់កិច្ចសន្យាសម្បទានរបស់ក្រុមហ៊ុន Shin Corp ដើម្បីអនុញ្ញាតឱ្យខ្លួនបង់ពន្ធគយសម្រាប់សេវាប្រតិបត្តិការទូរស័ព្ទចល័តជំនួសឱ្យថ្លៃសម្បទាន។លោកថាក់ស៊ីន ត្រូវបានឃុំខ្លួនដាច់ដោយឡែកនៅក្នុងគុករបស់មន្ទីពេទ្យក្រុងបាងកក បន្ទាប់ពីគ្រូពេទ្យរកឃើញថា គាត់មានជំងឺ៤ មុខរួមគ្នា៕