មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារ ទី១៥សីហាថាគណបក្សឆ្ពោះទៅមុខដែលឈ្នះការបោះឆ្នោត កាលពីថ្ងៃទី ១៤ ឧសភា នឹងមិនគាំទ្រអតីតដៃគូសម្ព័ន្ធមិត្តរបស់គណបក្សភឿថៃក្នុងការបោះឆ្នោតសភាជ្រើស រើសនាយករដ្ឋមន្ត្រីនោះទេ។

រហូតមកដល់ថ្ងៃ មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេសម្រាប់ការ បោះឆ្នោះជ្រើសរើសនាយករដ្ឋ មន្ត្រីថ្មីដែលមានបេក្ខជនមកពីបក្សភឿថៃគឺលោកស្រេតថា ថាវីនស៊ីន។ ការពន្យារពេលនេះដោយសារតែតុលាការធម្មនុញ្ញកំពុងពិនិត្យមើលសំណុំរឿងរបស់លោកភីតាជុំវិញករណីតែងតាំងបេក្ខជនលើកទី២ដែលបក្សឆ្ពោះទៅមុខគិតថាមិនខុសច្បាប់តែក្រុមផ្សេងយល់ថាខុសច្បាប់។ប្រសិនបើតុលាការបដិសេធមិនទទួលយករឿងក្តីនេះ ការបោះឆ្នោតបន្ទាប់សម្រាប់នាយករដ្ឋមន្ត្រីត្រូវបានគេ រំពឹងថានឹងធ្វើឡើងនៅថ្ងៃសុក្រ ឬថ្ងៃអង្គារទី២២ខែសីហា។
ការសម្រេចចិត្តរបស់បក្សដែលមានអាសនៈច្រើនជាងគេក្នុងសភាអាចធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សភឿថៃដើម្បីទទួលបានការគាំទ្រក្នុងការបង្កើតរដ្ឋាភិបាល ដែលបានអូសបន្លាយរយៈពេលជា ច្រើនសប្តាហ៍នៃភាពជាប់គាំងនយោបាយ។
អគ្គលេខាធិការបក្ស លោក Chaithawat Tulaton បានប្រាប់សន្និសីទសារព័ត៌មានមួយថាសមាជិកសភារបស់ បក្សឆ្ពោះ ទៅមុខបានសម្រេចជាឯកច្ឆន្ទក្នុងការប្រឆាំងនឹងការបោះឆ្នោតនោះ។ លោក Chaithawat បានថ្លែងថា៖ «ការបង្កើតរដ្ឋាភិបាលឥឡូវនេះមិនបានឆ្លុះបញ្ចាំងពីសំឡេងប្រជាជនទេ។វាច្បាស់ណាស់សមាជិកព្រឹទ្ធសភានិងគណបក្សផ្សេងទៀតចង់បិទចលនាឆ្ពោះទៅមុខ។ប្រទេសថៃបានស្ថិតនៅក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល ៥ខែកន្លងមកហើយការបោះឆ្នោតសភាបន្ទាប់លើ នាយករដ្ឋមន្ត្រីមិនទាន់ត្រូវបានកំណត់ពេលនៅឡើយទេ ។
គួររំឭកថាបក្សភឿថៃបានចាប់ដៃជាមួយគណបក្សភូមិចៃថៃដែលលមាន៧១អាសនៈហើយបន្ថែមពីនេះទៀតកាលពីល្ងាចថ្ងៃពុធទី៩ខែសីហាឆ្នាំ២០២៣គណបក្សភឿថៃបាននាំយកគណបក្សនយោបាយតូចៗចំនួនប្រាំមួយបន្ថែមទៀតចូលទៅក្នុងសម្ព័ន្ធភាពរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយបានបង្កើនចំនួនអាសនៈសភាសរុប ២២៨។ គណបក្សផ្សេងទាំង៦នោះរួមមានPrachachart (៩អាសនៈ), Pheu Thai Ruam Palang (២), Charthaipattanakla (២ អាសនៈ), Seri Ruam Thai (១ អាសនៈ), Palang Sangkhom Mai (១ អាសនៈ) និងគណបក្ស Thongtee Thai (១ អាសនៈ)។
ចំណែកឯដំណឹងចុងក្រោយបក្សនេះមានគម្រោងចាប់ដៃជាមួយបក្សមេដឹកនាំរដ្ឋប្រហារ២ទៀតគឺបក្សរបស់ប្រាយុទ្ធនិង លោកប្រាវីតចូលក្នុងសម្ព័ន្ធភាពរបស់ខ្លួនក្នុងគោលបំណងរកសំឡេងគាំទ្រអោយបានគ្រប់គ្រាន់៕