Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ត្រូវបាន​ពន្យារពេល ខណៈប្រាយុទ្ធ ប្រឆាំងនឹងផែនការពន្យារ​កំណើតរដ្ឋាភិបាល

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃ ត្រូវបាន​ពន្យារពេល ខណៈប្រាយុទ្ធ ប្រឆាំងនឹងផែនការពន្យារ​កំណើតរដ្ឋាភិបាល

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារទី ២៥ខែកក្កដាថាប្រធានសភារបស់ប្រទេសថៃ លោក​Wan Muhamad Noor Matha បានពន្យារពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់​ប្រទេសនេះដែល​គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី២៧ខាងមុខនេះ ខណៈដែលភាពជាប់គាំងនយោបាយអូសបន្លាយ​ជាងពីរខែបន្ទាប់ពី​ការបោះឆ្នោតទូទៅកាលពីខែឧសភា។

ការពន្យារនេះដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញស្តីពីការបដិសេធការតែងតាំងមេដឹកនាំគណបក្សឆ្ពោះទៅមុខលោកភីតា ។

លោកWanបាននិយាយថាហេតុផលមួយទៀតសម្រាប់ការពន្យាពេលការ គឺដោយសារតែសមាជិកសភា និង​សមាជិកព្រឹទ្ធសភាជាប់ឆ្នោតជាច្រើនមានការព្រួយបារម្ភថាពួកគេនឹងមិនអាចចូលរួមក្នុងព្រះរាជពិធីដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រនៅក្នុងខេត្តរៀងៗខ្លួននៅថ្ងៃសុក្រប្រសិនបើការប្រជុំសភាអូសបន្លាយពេលយូរ។

លោកWanបាននិយាយកាលពីថ្ងៃអង្គារថាលោកបានធ្វើការសម្រេចចិត្តបន្ទាប់ពី​បានពិគ្រោះជាមួយមន្ត្រីច្បាប់​សភា​តំណាងរាស្រ្ត និងទីប្រឹក្សារបស់លោក។

ការបោះឆ្នោតនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដា បន្ទាប់ពីការប៉ុនប៉ងពីរលើកដោយមេដឹកនាំគណបក្ស ឆ្ពោះទៅមុខដែលឈ្នះការបោះឆ្នោតគឺ ភីតាត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងព្រឹទ្ធ សភា។

ប្រាយុទ្ធ ប្រឆាំងនឹងផែនការពន្យារកំណើតរដ្ឋាភិបាល

នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បានប្រឆាំងនឹងសំណើសម្ព័ន្ធមិត្តមួយចំនួនរបស់គណបក្ស ឆ្ពោះ​ទៅមុខឲ្យរង់ចាំរយៈពេល១០ខែទៀតក្នុងការបង្កើតរដ្ឋាភិពោលគឺរង់ចាំឲ្យសមាជិកព្រឹទ្ធសភាចប់អាណត្តិជាមុនសិន។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាន ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដោយនិយាយថាខ្ញុំគិតថាគំនិត​នេះវាមិនសមរម្យទេ ។

គណបក្សថៃសាងថៃនិងគណបក្សយុត្តិធម៌បានស្នើឱ្យសម្ព័ន្ធមិត្តចំនួនប្រាំបីរង់ចាំសម្រាប់អាណត្តិរយៈពេលប្រាំឆ្នាំនៃព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធាបញ្ចប់នៅក្នុងខែឧសភាឆ្នាំ២០២៤ ដូច្នេះសម្ព័ន្ធភាពរបស់ MFP អាចមានភាពងាយស្រួលក្នុងការជ្រើសរើសនាយករដ្ឋ​មន្ត្រីរបស់ខ្លួនដែលការជ្រើសរើសគឺធ្វើឡើង​ដោយ​សមាជិកសភាតែម្នាក់ឯង។

គណបក្ស ភឿថៃ លុបចោលកិច្ចប្រជុំបន្ទាន់

កិច្ចប្រជុំដែលបានគ្រោងទុកនៅម៉ោង ៣ រសៀលល្ងាចថ្ងៃអង្គាររបស់គណបក្សនយោបាយទាំងប្រាំបីក្នុងគោល​បំណងបង្កើតរដ្ឋាភិបាលថ្មីត្រូវបានលុបចោលភ្លាមៗ។

កិច្ចប្រជុំនេះត្រូវបានកោះហៅដោយគណបក្សភឿថៃ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងការទទួលបានការគាំទ្រ​បន្ថែមសម្រាប់ការតែងតាំងនាយករដ្ឋមន្ត្រីដែលពេញចិត្ត។

គណបក្សភឿថៃបានប្រកាសលុបចោលកិច្ចប្រជុំនៅក្នុងសារផ្ញើទៅកាន់អ្នកសារព័ត៌មាននៅលើកម្មវិធី LINE កាលពីព្រឹកថ្ងៃអង្គារ។

ពីដំបូងគណបក្សភឿថៃបានធ្វើការណាត់ប្រជុំនៅវេលាម៉ោង២រសៀលថ្ងៃអង្គារនៅទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ។ ក្រោយមកវាបានប្តូរទៅម៉ោង ៣ រសៀល និងប្តូរកន្លែងទៅអគាររដ្ឋសភា តែចុងក្រោយ​ត្រូវលុប​ចោល។

មូលហេតុនៃការលុបចោលនេះមិនត្រូវបានបក្សភឿថៃបង្ហាញឲ្យដឹងនោះទេដោយគ្រាន់តែពន្យល់ថា ភារកិច្ច​ដែលត្រូវបានចាត់តាំងរបស់ខ្លួន ក្នុងការស្វែងរកការគាំទ្រពីភាគីក្រៅសម្ព័ន្ធភាព និងពីសមាជិកព្រឹទ្ធសភានៅ​ក្នុងការបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមិនមានដំណើរការល្អគួរជាទីពេញចិត្តនោះទេ៕

RELATED ARTICLES