Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិលិចស្រឡាង នៅឥណ្ឌូណេស៊ី ស្លាប់១៥ និងបាត់ខ្លួន ១៩ នាក់

លិចស្រឡាង នៅឥណ្ឌូណេស៊ី ស្លាប់១៥ និងបាត់ខ្លួន ១៩ នាក់

ទីភ្នាក់ងារជួយសង្គ្រោះជាតិបាននិយាយនៅថ្ងៃចន្ទទី២៤ ខែកក្កដាថាអាជ្ញាធរឥណ្ឌូណេស៊ីបានរក​ឃើញសាក​សពអ្នកដំណើរ ១៥ នាក់ និងកំពុងស្វែងរកមនុស្ស ១៩ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួនបន្ទាប់ពីសាឡាង​តូចមួយបានក្រឡាប់លិចកាលពីយប់ថ្ងៃអាទិត្យក្នុងអំឡុងពេលធ្វើដំណើររយៈពេល ២០ នាទីនៅជិតកោះ Sulawesi ។

មូលហេតុនៃការលិចទឹកដែលកើតឡើងនៅពាក់កណ្តាលអធ្រាត្រនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ទីភ្នាក់ងារដដែលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងចំណោមអ្នកដំណើរ៤០នាក់នៅលើសាឡាងមានតែ ៦នាក់ប៉ុណ្ណោះដែលត្រូវបានគេដឹងថាបានរួចជីវិតពីគ្រោះថ្នាក់កាលពីយប់ថ្ងៃអាទិត្យ។លោក Muhamad Arafah មកពីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់បាននិយាយថា ជនរងគ្រោះទាំង​អស់​ត្រូវ​បានកំណត់អត្តសញ្ញាណ និងបានប្រគល់ទៅឱ្យក្រុមគ្រួសារខណៈដែលអ្នកនៅរស់រានមាន​ជីវិត​ពេល​នេះកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។លោកបានបន្ថែមថា៖ «បណ្ដោះអាសន្នមនុស្ស ១៩ នាក់​កំពុងត្រូវបានគេស្វែងរក»។

លោកបានបន្តថា ក្រុមរុករកមួយនឹងចុះទៅជុំវិញកន្លែងគ្រោះថ្នាក់​ខណៈក្រុមមួយទៀតនឹងរុក​រកផ្ទៃទឹកដោយ​ប្រើ​ទូក។

ឧបទ្ទវហេតុតាមសមុទ្រកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍ដែលមានកោះប្រហែល ១៧០០០ដែលប្រជាជនពឹងផ្អែកលើស្រឡាង និងទូកតូចៗដើម្បីធ្វើដំណើរជុំវិញទោះ​បីជាមានស្តង់ដារសុវត្ថិភាព​មិនល្អក៏ដោយ។

ក្នុងឆ្នាំ២០១៨មនុស្សជាង១៥០នាក់បានលង់ទឹកស្លាប់នៅពេលដែលស្រឡាងមួយបានលិចនៅក្នុងបឹងដ៏ជ្រៅបំផុតមួយរបស់ពិភពលោកនៅលើកោះស៊ូម៉ាត្រា៕

RELATED ARTICLES