បើយោងតាមឯកសារមួយចំនួនដែលត្រូវបានបណ្តាញសារព័ត៌មានCNNដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី៣០មិថុនា ២០២៣ បានឲ្យដឹងថា ឧត្តមសេនីយ៍រុស្ស៊ីលោក Sergey Surovikin គឺជាសមាជិក VIP សម្ងាត់របស់ Wagner។

ឯកសារដែលទទួលបានដោយមជ្ឈមណ្ឌល Dossier ស៊ើបអង្កេតរបស់រុស្ស៊ី បានបង្ហាញថាលោក Surovikin មានលេខចុះឈ្មោះផ្ទាល់ខ្លួនជាមួយ Wagner ។ លោកSurovikin ត្រូវបានរាយបញ្ជីជាមួយនឹងមន្ត្រីយោធា និងចារកម្មជាន់ខ្ពស់របស់រុស្ស៊ីយ៉ាងហោចណាស់៣០ នាក់ផ្សេងទៀត ដែលមជ្ឈមណ្ឌល Dossier បាននិយាយថា ក៏ជាសមាជិក VIP Wagner ផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍កាសែត Moscow Times និងអ្នកសរសេរប្លុកយោធា បានឲ្យដឹងថាអាជ្ញាធររុស្ស៊ី បានឃុំខ្លួនឧត្តមសេនីយ៍ Sergei Surovikin អគ្គមេបញ្ជាការរងនៃប្រតិបត្តិការយោធារុស្ស៊ី។
លោក Surovikin ដែលមានឈ្មោះហៅក្រៅថា Armageddonដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីសម្រាប់ភាពសាហាវឃោរឃៅដ៏ល្បីល្បាញរបស់គាត់ គឺជាអតីតយុទ្ធជននៃសង្គ្រាមរបស់រុស្ស៊ីនៅឆេកឆិន(Chechnya )និងស៊ីរី ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពូទីន។
កាសែតដដែលនោះបានរាយការណ៍ថាលោក Surovikin ត្រូវបានចាប់ខ្លួនពីបទចូលដៃជាមួយក្រុមទាហានស៊ីឈ្នួលWagner ដឹកនាំដោយលោក Yevgeny Prigozhin ក្នុងអំឡុងពេលបះបោរ។
លោកSurovikinមិនត្រូវបានគេឃើញជាសាធារណៈទេចាប់តាំងពីថ្ងៃសៅរ៍មុននៅពេលដែលគាត់បានចេញវីដេអូអង្វរឱ្យចៅហ្វាយ Wagner លោក Yevgeny Prigozhin បញ្ឈប់ការបះបោរ។
វិមានក្រឹមឡាំងបដិសេធព័ត៌មានចាប់ខ្លួនឧត្តមសេនីយ៍ជាន់ខ្ពស់
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រទី៣០ខែមិថុនាថា លោកមិនអាចធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា មេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួនជុំវិញការប៉ុនប៉ងបះបោរប្រដាប់អាវុធកាលពីដើមខែនេះដោយក្រុមទាហានស៊ីឈ្នួលWagner Group ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូលោក Peskov បានបង្វែរសំណួរទៅក្រសួងការពារជាតិរុស្ស៊ីអំពីជោគវាសនារបស់លោក Sergey Surovikin ដែលជាមេបញ្ជាការកងកម្លាំងរុស្ស៊ីទាំងអស់នៅក្នុងប្រតិបត្តិការសង្គ្រាមអ៊ុយក្រែន។

លោកក៏បាននិយាយផងដែរថាមិនមានគម្រោងបង្កើតក្រុមប្រឹក្សាយោធារួមនៃប្រទេសរុស្ស៊ី និងបេឡារុសបន្ទាប់ពីការបះបោរដែលត្រូវបានដោះស្រាយហើយលោកក៏បានអរគុណដល់ការសម្របសម្រួលរបស់ប្រធានាធិបតីបេឡារុសលោក Aleksandr Lukashenko ។
ជាមួយគ្នានេះដែរលោកPeskovក៏បាននិយាយថាលោកមិនដឹងអំពីទីតាំងបច្ចុប្បន្នរបស់ប្រធានទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Yevgeny Prigozhin ហើយបានបដិសេធមិននិយាយអំពីការលាលែងពីតំណែងដែលអាចកើតមានរបស់មន្រ្តីដែលមានទំនាក់ទំនងជាមួយគាត់៕