នៅក្នុងសន្និសីទស្តីពីការងើបឡើងវិញរបស់ប្រទេសអ៊ុយក្រែននៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធទី ២១ មិថុនាឆ្នាំ ២០២៣ ម្ចាស់ផ្ទះ អង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីកសាងអ៊ុយក្រែនឡើងវិញ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានចាប់ផ្តើមថ្លែងពីក្របខ័ណ្ឌធានារ៉ាប់រងសង្គ្រាមដើម្បី ជំរុញក្រុមហ៊ុនឱ្យវិនិយោគជួយដល់ប្រទេសអ៊ុយក្រែន។

Sunak ក៏បានប្រកាសអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ពីចក្រភពអង់គ្លេសផងដែរ។កញ្ចប់នេះនឹងរួមបញ្ចូលការធានាប្រាក់កម្ចីរបស់ធនាគារពិភពលោកចំនួន៣ពាន់លានដុល្លារ ជំនួយទ្វេភាគីចំនួន ៣០៥ លានដុល្លារ និង ៣១៨លានដុល្លារនៅក្នុងការពង្រីកការវិនិយោគអន្តរជាតិរបស់អង់គ្លេសនៅអ៊ុយក្រែនផងដែរ។ប្រាក់នេះនឹងត្រូវបានប្រើដើម្បីគាំទ្រសេវាសាធារណៈក្នុងប្រទេសអ៊ុយក្រែន ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។
យោងតាម Downing Street កញ្ចប់នេះ នាំមកនូវជំនួយមិនមែនយោធារបស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែនឡើងដល់ជាង៥,៩ពាន់លានដុល្លារ ។នៅមុនសន្និសីទម្ចាស់ជំនួយរយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធធុរកិច្ចជំនួញពិភពលោករាប់រយនាក់បានសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សម្រាប់អ៊ុយក្រែន។
ប្រធានក្រុមធនាគារពិភពលោក លោក Ajay Banga បាននិយាយថា ក្រុមហ៊ុនជាង ៤០០ មកពីប្រទេសចំនួន៣៨បានសន្យាថានឹងគាំទ្រដល់ការស្ដារ និងការកសាងឡើងវិញរបស់អ៊ុយក្រែនបន្ទាប់ពីមានការលុកលុយខុសច្បាប់របស់រុស្ស៊ី។
ប្រធានគណៈកម្មការអឺរ៉ុបបានប្រាប់សន្និសីទម្ចាស់ជំនួយរយៈ ថាសហភាពអឺរ៉ុបមានការទទួលខុសត្រូវពិសេសចំពោះអ៊ុយក្រែន។
ថ្លែងទៅកាន់ក្រុមហ៊ុនជាង ៤០០មកពី ៣៨ប្រទេសលោកស្រី Ursula von der Leyen បានប្រាប់សន្និសីទថា “យើងត្រូវការផ្នែកឯកជនដើម្បីឈានជើងចូលវិនិយោគនៅអ៊ុយក្រែន។
លោកស្រីបន្តថាគម្លាតសារពើពន្ធរបស់អ៊ុយក្រែនគឺប្រហែល៦៥,៥ពាន់លានដុល្លារហើយលោកស្រីបានស្នើទៅរដ្ឋសមាជិកសហភាពអឺរ៉ុបថាពួកគេត្រូវចំណាយ ៤៥% នៃគម្លាតនេះ ស្មើនឹង៥៤,៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

ជុំវិញបញ្ហានេះដែររដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយជាង ៣,១ ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយជួសជុលបណ្តាញថាមពលនិងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។
លោក Blinken បន្ថែមថា ជំនួយថ្មីនេះបន្ថែមពីលើជំនួយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ ជាង២០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ដល់អ៊ុយក្រែន ៕