អ្នកជំនាញរបស់អង្គការសហប្រជាជាតិលោក Tom Andrewsបាននិយាយថាយោធាមីយ៉ាន់ម៉ាបាននាំចូលអាវុធពីប្រទេសផ្សេងៗមានតម្លៃយ៉ាងហោចណាស់១ពាន់លានដុល្លារចាប់តាំងពីការដណ្តើមអំណាចដោយរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។នេះបើយោងតាមការការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភាឆ្នាំ២០២៣។

លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃពុធនៅទីក្រុងញូវយ៉កថាអាវុធភាគច្រើនបានមកពីប្រទេសរុស្ស៊ី ចិន ថៃ ឥណ្ឌា និងក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី។

លោកAndrewsបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីនិងចិននៅតែបន្តជាអ្នកផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធទំនើបៗដល់យោធាមីយ៉ាន់ម៉ា ដែលមានចំនួនជាង 400 លានដុល្លារ និង ចិន ២៦០លានដុល្លារចាប់តាំងពីរដ្ឋប្រហារ ដោយពាណិជ្ជកម្មភាគច្រើនមានប្រភពមកពីអង្គភាពគ្រប់គ្រងដោយរដ្ឋ ។ លោក Andrews បានជំរុញឲ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិបញ្ឈប់លំហូរនៃអាវុធទាំងនេះ។

ទោះជាយ៉ាងណាក៏ដោយឈ្មួញអាវុធដែលកំពុងប្រតិបត្តិការចេញពីប្រទេសសិង្ហបុរីមានសារៈសំខាន់ចំពោះប្រតិបត្តិការបន្តនៃរោងចក្រផលិតអាវុធប្រល័យលោករបស់យោធាមីយ៉ាន់ម៉ា ដែលជាទូទៅហៅថា KaPaSa)។
របាយការណ៍បង្ហាញថា ការផ្គត់ផ្គង់ចំនួន ២៥៤ លានដុល្លារត្រូវបានដឹកជញ្ជូនពីអង្គភាពជាច្រើននៅក្នុងប្រទេសសិង្ហបុរីទៅកាន់យោធាមីយ៉ាន់ម៉ានៅចន្លោះខែកុម្ភៈ ឆ្នាំ ២០២១ដល់ខែធ្នូ ឆ្នាំ ២០២២ហើយធនាគារសិង្ហបុរីត្រូវបានប្រើប្រាស់ដោយឈ្មួញអាវុធ។

ការផ្ទេរសព្វាវុធប្រហែល ២៨ លានដុល្លារពីអង្គភាពដែលមានមូលដ្ឋាននៅប្រទេសថៃទៅកាន់យោធាមីយ៉ាន់ម៉ាក៏ត្រូវបានចងក្រងជាឯកសារផងដែរ បន្ថែមពីលើអង្គភាពដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាដែលផ្គត់ផ្គង់អាវុធ និងសម្ភារៈពាក់ព័ន្ធមានតម្លៃ ៥១លានដុល្លារដល់យោធាចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២១៕