កាលពីថ្ងៃព្រហ្បតិ៍ទី ៤ខែឧសភាឆ្នាំ ២០២៣រុស្ស៊ីបាន ចោទអ៊ុយក្រែនពីបទ ប៉ុនប៉ងធ្វើឃាត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដ្រូនមកលើប៉មវិមានក្រឹមឡាំង។ ទោះជាយ៉ាងណាក្តីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានច្រានចោលការវាយប្រហារនោះ ហើយអះ អាងថាខ្លួនគិតតែពីការការពារដែនដីរបស់ខ្លួនប៉ុណ្ណោះ។រុស្ស៊ីបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរដែលសំដៅទៅកាន់លំនៅដ្ឋានរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងវិមានក្រឹមឡាំងក្នុងអ្វីដែលខ្លួនហៅថាជាការប៉ុនប៉ងធ្វើឃាតភេរវករប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកចំនួនពីរត្រូវបានតម្រង់ទៅកាន់វិមានក្រឹមឡាំង… ឧបករណ៍ទាំងនោះត្រូវបានដាក់ឱ្យដំណើរការ” ដោយបន្ថែមថាវាបានកើតឡើងក្នុងអំឡុងពេលយប់រវាងថ្ងៃអង្គារ និងថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សំណល់នៃយន្តហោះគ្មានមនុស្សបើកដែលបានធ្លាក់នោះ បានធ្លាក់នៅខាងក្នុងវិមានក្រឹមឡាំងប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។វាមិនមែនជាប្រតិបត្តិការទេតែវាគឺជាអំពើភេរវកម្មដែលបានគ្រោងទុកនិងការប៉ុនប៉ងលើជីវិតរបស់ប្រធានសហព័ន្ធរុស្ស៊ី។
លោក ហ្សេឡិនស្គី ច្រានចោលការចោទប្រកាន់
ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងម៉ូស្គូប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធចំពោះការចោទប្រកាន់នេះដោយនិយាយថាទីក្រុងគៀវមិនបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀពីទីននោះទេ។ការចេញមុខបដិសេធនេះបានកើតឡើងបន្ទាប់ពីរុស្ស៊ីបាននិយាយថាយន្តហោះគ្មានមនុស្សបើកពីរគ្រឿងត្រូវបានបាញ់ទម្លាក់នៅវិមានក្រឹមឡាំងកាលពីយប់ថ្ងៃអង្គារ។

លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយមេដឹកនាំប្រទេស ក្នុងទីក្រុង Helsinki ថាយើងមិនបានវាយប្រហារលោក ពូទីនទេ។ យើងទុកវាទៅសាលាក្តី។ យើងប្រយុទ្ធនៅ លើទឹកដីរបស់យើង យើងកំពុងការពារភូមិ និងទីក្រុងរបស់យើង។
អតីតមេដឹកនាំរុស្ស៊ី អំពាវនាវឱ្យសម្លាប់ហ្សេលេនស្គី
អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រីមេដវេដេវ កាលពីថ្ងៃព្រហ្បតិ៍ បានអំពាវនាវឱ្យមាន ការលុបបំបាត់រូបរាងកាយ របស់ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គីដែលមានន័យស្មើនឹងសម្លាប់បន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់ទីក្រុងគៀវ ពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក២គ្រឿងវាយប្រហារ លើវិមានក្រឹមឡាំង។លោកមេដវេដេវដែលតែងតែប្រើវោហាសាស្ត្រវាយប្រហារចាប់តាំងពីការវាយលុករបស់ទីក្រុងម៉ូស្គូមកលើប្រទេសអ៊ុយក្រែនបាននិយាយថាបន្ទាប់ពីការវាយប្រហារភេរវករនៅថ្ងៃនេះ គ្មានជម្រើសណាមួយដែលនៅសល់ក្រៅពីការលុបបំបាត់លោកហ្សេឡិនស្គីនិងក្រុមរបស់គាត់នោះទេ៕