យោងតាមទីភ្នាក់ងារសារព័ត៌មានAP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែមេសា ឆ្នាំ ២០២៣ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ីជីនពីង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ក្នុងជំនួបតាមទូរស័ព្ទរយៈពេលជាងមួយម៉ោងកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនបេសកជនសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត បន្ទាប់ពីទីក្រុងប៉េកាំងបាននិយាយថាខ្លួនចង់ដើរតួជាអ្នកសម្រុះសម្រួលក្នុងសង្គ្រាមរបស់រុស្ស៊ីជាមួយប្រទេសនេះ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលរាយការណ៍ដោយទូរទស្សន៍រដ្ឋចិនមិនបានចង្អុលបង្ហាញថាតើបេសកជនចិននឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីដែរឬយ៉ាងណា?។
សេចក្តីថ្លែងការណ៍បាននិយាយថាប្រទេសចិននឹងបញ្ជូនអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលស្តីពីកិច្ចការយូរ៉ាស៊ីទៅកាន់អ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីធ្វើការទំនាក់ទំនងស៊ីជម្រៅជាមួយគ្រប់ភាគីស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។
ក្នុងអំឡុងពេលជំនួបតាមទូរស័ព្ទដែលបានរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ លោកស៊ីបានអំពាវនាវឱ្យមានការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា លោក ស៊ីបានប្រាប់ ហ្សេឡិនស្គីថាការពិភាក្សា និងការចរចាគឺជា ផ្លូវតែមួយគត់នៃការបញ្ចប់សង្គ្រាម។
CCTV បានរាយការណ៍ថា លោកស៊ីបានបញ្ជាក់ថា៖ «ចំពោះបញ្ហាវិបត្តិអ៊ុយក្រែន ចិនតែងតែឈរនៅខាងសន្តិភាព ហើយជំហរស្នូលរបស់ខ្លួនគឺជំរុញកិច្ចចរចាសន្តិភាព»។
រដ្ឋាភិបាលចិនបានចេញផ្សាយសំណើសន្តិភាពមួយកាលពីខែកុម្ភៈ ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ និងការចរចា។

សេចក្តីថ្លែងការណ៍បានបន្ថែមថាគ្មានអ្នកឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរទេ”។ គ្រប់ភាគីពាក់ព័ន្ធគួរតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរ ហើយមើលទៅអនាគត និងជោគវាសនាខ្លួនឯង និងមនុស្សជាតិទាំងមូលហើយធ្វើការរួមគ្នាដើម្បីគ្រប់គ្រងវិបត្ត។
ចំណែកឯលោកហ្សឡិនស្គីវិញបាននិយាយនៅលើ Twitter កាលពីថ្ងៃពុធថា ខ្ញុំមានជំនួបទូរស័ព្ទដ៏វែង និងមានអត្ថន័យជាមួយប្រធានាធិបតីស៊ីជីនពីង។ លោកបានសរសេរបន្តថា ខ្ញុំជឿជាក់ថា ជំនួបនេះ ក៏ដូចជាការតែងតាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសចិន នឹងផ្តល់កម្លាំងរុញច្រានដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់យើង។

បន្ថែមពីនេះទៀតលោកហ្សឡិនស្គី បាននិយាយថា លោកបានពិភាក្សាអំពីវិធីនៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដើម្បីឈានដល់សន្តិភាពដោយយុត្តិធម៌ និងនិរន្តរភាពសម្រាប់អ៊ុយក្រែន
លោកបន្ថែមថាវាមិនអាចមានសន្តិភាពបានទេក្នុងការចំណាយនៃការសម្របសម្រួលទឹកដី។បូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវតែស្ដារឡើងវិញក្នុងព្រំដែនឆ្នាំ ១៩៩១៕