Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការពារជាតិៈចិនមិនស្ទាក់ស្ទើរកម្ទេចតៃវ៉ាន់បើថ្លើមធំហ៊ានប្រកាសឯករាជ្យ

រដ្ឋមន្ត្រីការពារជាតិៈចិនមិនស្ទាក់ស្ទើរកម្ទេចតៃវ៉ាន់បើថ្លើមធំហ៊ានប្រកាសឯករាជ្យ

កាលពីថ្ងៃសុក្រទី១០មិថុនារដ្ឋមន្ត្រីការពារជាតិចិនបានព្រមានសមភាគីអាមេរិកថាទីក្រុងប៉េកាំងនឹងមិនមានការស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសង្រ្គាមជាមួយកោះតៃវ៉ាន់ ប្រសិនបើកោះនេះហ៊ានប្រកាសឯករាជ្យ។នេះគឺជាការវាយប្រហារដោយសង្គ្រាមពាក្យសំដីថ្មីចុងក្រោយបំផុតរវាងមហាអំណាចទាំងពីរ។

ការព្រមាននេះបានកើតឡើងនៅពេលដែល រដ្ឋមន្ត្រីការពារជាតិចិនលោកWei Fengheបានរៀបចំកិច្ច ប្រជុំទល់មុខគ្នាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (Shangri-La Dialogue)ក្នុងប្រទេសសិង្ហបុរី។

រដ្ឋមន្ត្រីការពារជាតិចិនបានព្រមានលោកAustin ថា ប្រសិនបើអ្នកណាម្នាក់ហ៊ានបំបែកតៃវ៉ាន់ចេញពីប្រទេសចិន កងទ័ពចិនប្រាកដជាមិនស្ទាក់ស្ទើរក្នុងការចាប់ផ្តើមសង្គ្រាមឡើយទោះបីជាត្រូវចំណាយអស់ប៉ុន្មានក៏ដោយ។នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិលោកWu Qian ដកស្រង់សម្តីរដ្ឋមន្ត្រីដែលបាននិយាយនៅក្នុងកិច្ចប្រជុំនោះ។

រដ្ឋមន្ត្រីការពារជាតិចិនបានប្តេជ្ញាថាទីក្រុងប៉េកាំងនឹង កម្ទេចដើម្បីបំផ្លាញផែនការទាមទារឯករាជ្យភាពតៃវ៉ាន់ និងរក្សាការបង្រួបបង្រួមជាតិមាតុភូមិយ៉ាងម៉ឺងម៉ាត់។លោកបានសង្កត់ធ្ងន់ថាតៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន។ការប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិននឹងមិនដែលឈ្នះនោះទេ ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Wei FengheលោកAustinបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោកបានបញ្ជាក់ថាអាមេរិកប្រឆាំងទៅនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នរបស់កោះស្វ័យគ្រប់​គ្រង​ ហើយបានអំពាវនាវឱ្យចិន បញ្ឈប់សកម្មភាពបង្កអស្ថិរភាពបន្ថែមទៀតចំពោះតៃវ៉ាន់។ នេះបើយោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក។

ភាពតានតឹងលើកោះតៃវ៉ាន់បានកើនឡើង ជាពិសេសដោយសារតែការបង្កើនការលុកលុយរបស់ យន្តហោះចម្បាំងចិនចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់កោះនេះ។

ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​បាន​និង​កំពុង​កើនឡើង​ជុំវិញ​បញ្ហាកោះតៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាមបែបប្រជាធិបតេយ្យ ដែល​រស់នៅ​ក្រោម​ការគំរាមកំហែង​ឥតឈប់ឈរ​នៃ​ការឈ្លានពាន​ដោយ​ចិន។ ទីក្រុងប៉េកាំងចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងរឹបអូសយកវានៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់៕

RELATED ARTICLES