យោងតាមការស្ទង់មតិរបស់សារព័ត៌មានជប៉ុនNikkei Asia ចេញផ្សាយកាលពីថ្ងៃចន្ទបានអោយដឹងថាប្រជាជន ជប៉ុនភាគច្រើនលើសលប់យល់ឃើញថាប្រទេសរបស់ខ្លួនគួរតែរៀបចំនិងត្រៀមខ្លួនសម្រាប់ការវាយលុកដោយយោធារបស់ចិនទៅលើកោះតៃវ៉ាន់។
ការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី២៧ និង ២៩ឧសភាបានបង្ហាញថាអ្នកឆ្លើយសំណួរច្រើនជាង៩១% ចង់អោយជប៉ុនតៀមខ្លួនទុកជាមុនសម្រាប់ជម្លោះរវាងចិននិងកោះតៃវ៉ាន់។
ការស្ទង់មតិខាងលើក៏បានអោយដឹងដែរថា៤១% ចង់អោយជប៉ុនកែសម្រួលច្បាប់ដើម្បីឆ្លើយតបទៅនឹងជម្លោះ ដែលអាចកើតមាននៅក្នុងតំបន់ខណៈដែល៥០% គិតថាការរៀបចំត្រៀមខ្លួនគួរតែត្រូវបានអនុវត្តស្របតាមច្បាប់ ដែលមានស្រាប់និងប្រហែល ៥៦% នៃអ្នកឆ្លើយសំណួរ ៩៣៥នាក់បាននិយាយថាពួកគេគាំទ្រសំណើរបស់រដ្ឋា ភិបាលក្នុងការជំរុញថវិកាការពារជាតិដល់ ១% នៃ កំណើនផលិតផលក្នុងស្រុក GDP ។

មាត្រា៩នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុនដែលបានអនុម័តក្រោយសង្គ្រាមលោកលើកទី២ បានចែងថាប្រជាជនរបស់ខ្លួន បោះបង់ចោលសង្គ្រាមជារៀងរហូតជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនិងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងជាមធ្យោបាយដោះស្រាយជម្លោះអន្តរជាតិ ។
ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ។ កោះតៃវ៉ាន់ដែលមានប្រជាជនជាង២៣លាននាក់ ដែលត្រូវបានគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីឆ្នាំ១៩៤៩ មិនដែលប្រកាសឯករាជ្យរបស់ខ្លួនជាផ្លូវការពីប្រទេសចិនទេ។

មន្ត្រីចិនបាននិយាយថាពួកគេពេញចិត្តការបង្រួបបង្រួម ដោយសន្តិវិធីជាមួយកោះនេះប៉ុន្តែមិនបានបដិសេធការ ប្រើប្រាស់កម្លាំងនោះទេ។ប៉ុន្មានខែថ្មីៗចុងក្រោយនេះ ចិនតែងតែល្បាតនិងសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់៕