Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិទីបំផុតសហភាពអឺរ៉ុប យល់ព្រម​ដាក់ទណ្ឌកម្មនាំចូល ប្រេងពីរុស្ស៊ី

ទីបំផុតសហភាពអឺរ៉ុប យល់ព្រម​ដាក់ទណ្ឌកម្មនាំចូល ប្រេងពីរុស្ស៊ី

បើទោះជាចំណាយពេលជាងមួយសប្តាហ៍ក្នុងការពិភាក្សាគ្នាដ៏ក្តៅគគុក​ទីបំផុតមេដឹកនាំសហភាពអឺរ៉ុប(EU) បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទដើម្បីកាត់បន្ថយការនាំចូលប្រេងចំនួន៩០ភាគរយពីប្រទេសរុស្ស៊ីនៅចុងឆ្នាំ២០២២ដែលជាការដាក់ទណ្ឌកម្មចុងក្រោយលើប្រទេសនេះបន្ទាប់ពីឈ្លានពានមកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈ។មូលហេតុដែលគេមិនអាចហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីបាន១០០ភាគរយក៏ដោយសារតែមានប្រទេសមួយចំនួនដែលពឹងផ្អែកទៅលើប្រេងរបស់រុស្ស៊ីខ្លាំងចេញមុខជំទាស់តវ៉ា។ប្រទេសទាំងនោះរួមមានហុងគ្រី ប៉ូឡូញ​​ ស្លូវ៉ាគី​និងឆែក។

នៅក្នុងការពិភាក្សាគ្នានេះនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbanបានរក្សាជំហរតឹងតែងដោយបានស្តីបន្ទោស គណៈកម្មការអឺរ៉ុបចំពោះការខកខានក្នុងការចរចាឱ្យបានត្រឹមត្រូវអំពីការហាមឃាត់ជាមួយប្រទេសជាសមាជិក។លោកបាននិយាយថាថាមពលគឺជាបញ្ហាធ្ងន់ធ្ងរហើយយើងត្រូវការដំណោះស្រាយអោយបានល្អ​ជាមុនសិនមុននឹងសម្រេចដាក់ទណ្ឌកម្ម។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងអង្គប្រជុំមានការសម្របសម្រួលរហូតឈានដល់កិច្ចព្រមព្រៀង​មួយ។​លោកស្រី Von der Leyenគណៈកម្មការអឺរ៉ុបបាននិយាយថានៅសល់១០នៃការនាំចូលប្រេងពីរុស្ស៊ីគឺតាមរយៈបំពង់បង្ហូរប្រេងទៅកាន់ ប្រទេសហុងគ្រី និងស្លូវ៉ាគី។ លោកស្រី​បន្ត​ថា ការ​នាំ​ចូល​ទាំង​នោះ​នឹង​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម។

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បាននិយាយថា​​​​       ភ្លាមៗនេះយើងនឹងហាមឃាត់ ការនាំចូលប្រេងច្រើនជាង២ភាគ៣ពីប្រទេសរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយប្រភពហិរញ្ញប្បទាន ដ៏ធំសម្រាប់ការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

លោក​បាន​បន្ថែម​ថា សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​របស់​រុស្ស៊ី​ចំនួន៩០ភាគរយ​នៅ​ដំណាច់​ឆ្នាំ ២០២២។

ជាមួយគ្នានេះដែរមេដឹកនាំអឺរុបក៏បានយល់ព្រមកាត់ផ្តាច់ធនាគាររុស្ស៊ីដ៏ធំបំផុតSberbankចេញពីប្រព័ន្ធSWIFT និងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ីចំនួនបីបន្ថែមទៀត។SWIFTមកពីពាក្យកាត់ថា(The Society for Worldwide Interbank Financial Telecommunication)មានន័យថាសង្គមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរ ធនាគារពិភពលោកដែលអនុញ្ញាតឱ្យធនាគារបញ្ជូនព័ត៌មានអំពីប្រតិបត្តិការហិរញ្ញវត្ថុពីគ្នាទៅវិញទៅមក។

បន្ថែមពីនេះទៀតហភាពអឺរ៉ុបក៏បានយល់ព្រមក្នុងការបញ្ជូនលុងចំនួន៩,៧ ពាន់លានដុល្លារដើម្បីគាំទ្រ តម្រូវការសាច់ប្រាក់បន្ទាន់អោយទីក្រុងគៀវខណៈដែលខ្លួនកំពុងដោះស្រាយជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី។

គួររំឭកថាអឺរ៉ុបគឺជាអ្នកទិញថាមពលធំបំផុតរបស់រុស្ស៊ី។ យោងតាម Eurostat បានឱ្យដឹងថា ប្រេងឆៅរុស្ស៊ីមានចំនួន ២៧ភាគរយ នៃការនាំចូលទៅអឺរ៉ុបក្នុងឆ្នាំ២០២១ ។ ទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិបង្ហាញថា វាមានប្រហែល២,៤លានបារ៉ែលក្នុងមួយថ្ងៃប្រហែល៣៥% ត្រូវបានបញ្ជូនតាមបំពង់ទៅកាន់ប្លុកអឺរ៉ុប។នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ៕

RELATED ARTICLES