ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់តំបន់អាស៊ី ដើម្បីប្រមូលផ្តុំការគាំទ្រប្រឆាំងនឹងឥទ្ធិពលរបស់ចិន ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូបៃឌិនបាននិយាយកាលពីថ្ងៃចន្ទទី២៣ឧសភាថាលោកមានឆន្ទៈ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់។
នៅពេលសួរដោយអ្នកសារព័ត៌មាននៅទីក្រុងតូក្យូក្នុងអំឡុងពេលធ្វើសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីជប៉ុនថាតើសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរឬទេប្រសិនបើវាត្រូវបានវាយប្រហារដោយប្រទេសចិននោះ លោកចូបៃឌិន បានឆ្លើយថាយើងនឹងការពារ។
លោកបៃឌិនបានរំលឹកឡើងវិញនូវគោលនយោបាយចិនតែមួយនិងការប្តេជ្ញាចិត្តចំពោះសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។លោកក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ក្នុងការផ្តល់នូវមធ្យោបាយយោធាដល់កោះតៃវ៉ាន់ដើម្បីការពារខ្លួន។
កាលពីខែតុលាលោកបៃឌិនបានធ្វើអត្ថាធិប្បាយស្រដៀងគ្នាអំពីការការពារតៃវ៉ាន់ម្តងរួចទៅហើយ។ នៅពេលនោះ អ្នកនាំពាក្យសេតវិមានបាននិយាយថា លោក បៃឌិន មិនបានប្រកាសអំពីការផ្លាស់ប្តូរណាមួយនៅក្នុងគោល នយោបាយរបស់សហរដ្ឋអាមេរិកនោះទេ។
កាលពីថ្ងៃចន្ទមន្ត្រីសេតវិមានបាននិយាយថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់សហរដ្ឋ អាមេរិកចំពោះតៃវ៉ាន់នោះទេ។មន្ត្រីសេតវិមានដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «ដូចលោកប្រធានាធិបតីបាននិយាយ គោលនយោបាយរបស់យើងមិនបានផ្លាស់ប្តូរទេ។
ជាមួយនឹងការប្តេជា្ញរបស់លោកបៃឌិនក្រសួងការបរទេសកោះតៃវ៉ាន់បាននិយាយថាខ្លួនស្វាគមន៍ និងថ្លែងអំណរគុណដល់លោកបៃឌិននិងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកោះតៃវ៉ាន់។
លោកបន្តថារដ្ឋាភិបាលនឹងបន្តជំរុញវិស័យការពារជាតិរបស់ខ្លួននិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅជាមួយប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន៕