មន្ត្រីអាមេរិកនិងតៃវ៉ាន់បានធ្វើការពិភាក្សាលើការពង្រីកការចូលរួមលើអន្តរជាតិរបស់តៃវ៉ាន់ រួមទាំង ឱកាសសម្រាប់កោះនេះ ដើម្បីចូលរួមកិច្ចប្រជុំធំរបស់អង្គការសុខភាពពិភពលោកនៅខែក្រោយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថាកិច្ចប្រជុំនេះបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនរវាងអ្នកការទូតជាន់ខ្ពស់រួមទាំងជំនួយការរដ្ឋមន្ត្រីក្រសួងកិច្ចការអង្គការអន្តរជាតិលោកស្រី Michele J. Sison និងអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកលោកស្រី Hsiao Bi-Khim ។
ការពិភាក្សានេះផ្តោតលើឱកាសសម្រាប់ការចូលរួមរបស់តៃវ៉ាន់ជាអ្នកសង្កេតការណ៍នៅក្នុងសន្និបាតសុខភាពពិភពលោកក្នុងខែឧសភានិងលទ្ធភាពសម្រាប់ការចូលរួមរបស់តៃវ៉ាន់នៅអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិមួយផ្សេងទៀត។
តៃវ៉ាន់បានចូលរួមមហាសន្និបាតសុខភាពពិភពលោក ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចរបស់ WHO ក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ ២០០៩-២០១៦ នៅពេលដែលទំនាក់ទំនងតៃប៉ិ-ប៉េកាំងមានភាពកក់ក្តៅ។ ប៉ុន្តែចិនបានរារាំងការចូលរួមបន្ថែមទៀតបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដែលចិនចាត់ទុកថាជាអ្នកបំបែកខ្លួនតែលោកស្រីបដិសេធ។
តៃវ៉ាន់ត្រូវបានគេដកចេញពីអង្គការពិភពលោកភាគច្រើនដោយសារតែការជំទាស់ពីប្រទេសចិនដែលចាត់ទុកថាវាជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួនហើយមិនមែនជាប្រទេសដាច់ដោយឡែក៕