កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនប្រាំបីនាក់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃអង្គារ ។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានអោយដឹងនៅថ្ងៃពុធនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថាខណៈពេលដែលកំពុងបំពេញបេសកកម្មឈ្លបយកការណ៍ក្នុងប្រទេសកុងហ្គោ ឧទ្ធម្ភាគចក្រ PUMA 1 គ្រឿងបានធ្លាក់។ មូលហេតុពិតប្រាកដនៃការធ្លាក់មិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ។

សេចក្តីរាយការណ៍បានបន្ថែមថា ទាហានប៉ាគីស្ថាន ៦ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់នោះ។
កាលពីព្រឹកថ្ងៃអង្គារបេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិនៅ DR Congo (MONUSCO) បាននិយាយនៅក្នុងធ្វីតធ័រកាលពីថ្ងៃអង្គារថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រមួយក្នុងចំណោម ឧទ្ធម្ភាគចក្ររបស់ខ្លួនដែលកំពុងបំពេញបេសកកម្មឈ្លបយកការណ៍ក្នុងតំបន់។

ការិយាល័យរបស់លោកបាននិយាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានសម្តែងនូវ អារម្មណ៍តក់ស្លុត និងសោកសៅជាខ្លាំង និងបានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ប្រភពពីក្រុមសង្គមស៊ីវិលក្នុងតំបន់បាននិយាយថា ការប្រយុទ្ធគ្នាបានបន្តនៅព្រឹកថ្ងៃអង្គាររវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមមកពីM23ដែលត្រូវបានគេស្គាល់ថាជាកងទ័ពបដិវត្តន៍កុងហ្គោ។
M23 ត្រូវបានចុះចាញ់កងទ័ពរដ្ឋាភិបាលក្នុងឆ្នាំ 2013 ប៉ុន្តែបានកើតមានឡើងវិញចាប់តាំងពីខែវិច្ឆិកា ហើយត្រូវបានចោទប្រកាន់ថាបានបើកការវាយឆ្មក់ជាច្រើនទៅលើបន្ទាយយោធានៅជុំវិញ Rutshuru ៕
