ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណបាននិយាយថារដ្ឋាភិបាលកូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅក្នុងសប្តាហ៍នេះ ។
កាសែតChosunIlboបាននិយាយថាការិយាល័យរបស់ប្រធានាធិបតីដែលផុតអាណត្តិលោក មូន ជេអ៊ីន បានប្រាប់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោកYoon Suk-yeol ថាការបាញ់សាកល្បងគឺជិតមកដល់ ហើយវានឹងមិនមានការភ្ញាក់ផ្អើលទេប្រសិនបើវាបានកើតឡើងនៅថ្ងៃច័ន្ទឬនៅថ្ងៃបន្ទាប់។

ចំណែកឯទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដាច់ដោយឡែកថា ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរកឃើញសញ្ញានៃការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលខាងមុខ។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកមូន ជេអ៊ីន គឺលោក Suh Hoon បានប្រាប់ប្រធានាធិតីថ្មីលោកYoonកាលពីថ្ងៃសៅរ៍អំពីបញ្ហាគោលនយោបាយការបរទេស និងសន្តិសុខ។លោក Suh បាននិយាយថា វាជិតដល់ហើយដែលវានឹងមិនភ្ញាក់ផ្អើលទេប្រសិនបើពួកគេបាញ់វានៅថ្ងៃចន្ទ។យើងកំពុងចាត់ទុកថាជាស្ថានការណ៍យ៉ាងធ្ងន់ធ្ងរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីប្រកាសរួមដ៏កម្រមួយថា កូរ៉េខាងជើងបានប្រើប្រាស់មីស៊ីល ICBM ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងការបាញ់បង្ហោះនាពេលថ្មីៗនេះចំនួនពីរក្នុងន័យនៃការរៀបចំការបាញ់បង្ហោះផ្កាយរណប។
ក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េក៏បានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែល ប្រឆាំងនឹងសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប៕
