ប្រធានាធិបតីហ្វីលីពីនលោកឌូតើតេបានជ្រើសរើសផ្នែកខាងយោធានៅក្នុងការប្រយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិកជាមួយរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែនដោយសន្យាថានឹងធ្វើជាម្ចាស់ផ្ទះនៃកងកម្លាំងអាមេរិកប្រសិនបើមានការស្នើសុំក្នុងករណីដែលជម្លោះនេះផ្ទុះឡើងជាសង្រ្គាមក្តៅ និងរាលដាលដល់អាស៊ី។
លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំទីក្រុងវ៉ាស៊ីនតោនបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ានីលថាលោកឌូតើតេបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកកន្លែងណាមួយសម្រាប់កងទ័ពអាមេរិកប្រសិនបើមានការស្នើសុំ។

លោកបានបន្តថាប្រសិនបើអាមេរិកស្នើសុំការគាំទ្រពីហ្វីលីពីន ប្រទេសរបស់លោកនឹងត្រៀមខ្លួនជាស្រេចដើម្បីជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាពិសេសប្រសិនបើវិបត្តិអ៊ុយក្រែននេះរីករាលដាលដល់តំបន់អាស៊ី។ ហ្វីលីពីននឹងត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារជាពិសេសចំពោះសម្ព័ន្ធមិត្តរបស់យើងគឺសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់គ្រឿងបរិក្ខាររបស់យើង គ្រឿងបរិក្ខារណាមួយដែលពួកគេអាចត្រូវការ។

លោកឯកអគ្គរដ្ឋទូត Romualdez ក៏បានរំឭកដែរថា ការ គាំទ្រដល់កងកម្លាំងអាមេរិកក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនឹងគោរពតាមសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ 1951 ដែលតម្រូវឱ្យសហរដ្ឋអាមេរិក និងហ្វីលីពីនការពារគ្នាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានវាយប្រហារដោយប្រទេសមួយផ្សេងទៀត៕
