យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ វិច្ឆិកា បានអោយដឹងថា ប្រទេសចិនកំពុងពង្រីកកម្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងការព្យាករណ៍របស់អាមេរិកកាលពីមួយឆ្នាំមុនជាមួយនឹងការបង្កើនសាច់ដុំយោធាយ៉ាងទូលំទូលាយដើម្បីឱ្យទីក្រុងប៉េកាំងអាចផ្គូផ្គងឬវ៉ាដាច់មហាអំណាចពិភពអាមេរិកលោកនៅពាក់កណ្តាលសតវត្សនេះ។


របាយការណ៍បាននិយាយថាចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនអាចកើនឡើងដល់ 700 ក្នុងរយៈពេលប្រាំមួយឆ្នាំ ហើយអាចនឹងកើនឡើងដល់ 1000 នៅឆ្នាំ 2030។ របាយការណ៍នេះមិនបាននិយាយថាចំនួនអាវុធនុយក្លេអ៊ែរដែលចិនមានសព្វថ្ងៃនេះប៉ុន្មាននោះទេ ប៉ុន្តែកាលពីមួយឆ្នាំមុន មន្ទីរបញ្ចកោណបាននិយាយថាចំនួននេះគឺស្ថិតនៅក្នុង កម្រិតទាបប្រហែលជាង200ហើយទំនងជាកើនឡើងទ្វេដងនៅចុងទសវត្សរ៍នេះ។

បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិកចិនមានអាវុធនុយក្លេអ៊ែរតិចតូចនៅឡើយទេខណៈអាមេរិកមានចំនួន 3750 ហើយមិនមានផែនការបង្កើននោះទេ។ រដ្ឋបាលលោកបៃឌិន កំពុងធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន។

បន្ថែមពីនេះទៀត របាយការណ៍របស់មន្ទីរបញ្ចកោណបានអោយដឹងដែរថា ប្រទេសចិនកំពុងស្វែងរកបណ្តាញមូលដ្ឋានទ័ពនៅក្រៅប្រទេស និងមជ្ឈមណ្ឌលដឹកជញ្ជូនដែល អាចជ្រៀតជ្រែកក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអាចគាំទ្រដល់ប្រតិបត្តិការយោធារបស់ចិនប្រឆាំងនឹងសហរដ្ឋអាមេរិក។ ប្រធានាធិបតីស៊ី ជីនពីងបាននិយាយថា ប្រទេសចិនគ្រោងនឹងក្លាយទៅជាមហាអំណាចយោធាពិភពលោកនៅឆ្នាំ 2049 ។

ឆ្លើយតបទៅនឹងរបាយការណ៍នេះ ក្រសួងការបទេសទីក្រុងប៉េកាំងបានវាយបកវិញ ដោយហៅវាថាពោរពេញដោយការរើសអើងហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានបង្កើនការគំរាមកំហែង។ លោកបានបន្ថែមថាទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់របាយការណ៍នេះដើម្បីបង្កើនការពិភាក្សាអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសចិន៕
