ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកឡៅ ឆលី ដែលជាអាណិកខ្មែរនៅអាមេរិកនិងជាទាហានអាកាសនោះរយៈពេលជាង៤ឆ្នាំទៅហើយតែសោភា គ្មានអារម្មណ៍ខូចចិត្តឬដំបៅបេះដូងនោះទេព្រោះនាងយល់ថាជីវិតជាស្រី្ដមេម៉ាយពោពេញទៅដោយសិទ្ធិសេរីភាព ចង់ធ្វើអ្វីបានតាមចិត្ត។អ្វីដែលគូរឲ្យកត់សម្គាល់សោភា និងលោកឆលី នៅតែបន្ដរាប់អានគ្នាជាធម្មតា ខណៈដែលប្ដីចាស់នាងនេះក៍នៅតែគោរពម្ដាយសោភា ដូចជាម្ដាយក្មេករបស់លោកដែរបើទោះជាពេលនេះម្ដាយសោភា ដែលមានសិទ្ធិទៅរស់នៅស្របច្បាប់(Visa)នៅអាមេរិកហើយគាត់បានវិលត្រឡប់មករស់នៅស្រុកខ្មែរវិញក្ដី ប៉ុន្ដែលោកឆលី នៅតែគោរពអតីតម្ដាយក្មេកដូចមុនដដែល។



ចំពោះពេជ្រ សោភា វិញទោះជានាងថាការលែងលះជាមួយលោកឆលី មិនបានធ្វើឲ្យនាងឈឺចុកចាប់បេះដូងក្ដី ប៉ុន្ដែនាងបែជាខ្លាចរអាក្នុងការជ្រើសរើសគូស្នេហ៍ថ្មីជាមួយប្រុសអាណិកជនខ្មែរនៅបរទេសបន្ទាប់ពីនាងបរាជ័យស្នេហ៍២លើកស្ទួនៗគឺផ្ដាច់ពាក្យជាមួយអតីតគូដណ្ដឹងនិងចែកផ្លូវគ្នាជាមួយលោកឆលី នេះ។សោភា បានតាំងចិត្តថានាងនឹងមិនភ្ជាប់ស្នេហ៍ប្រុសអាណិកជនជាលើកទី៣នោះទេព្រោះក្នុងចិត្តចង់ជ្រើសផ្លូវ”ជួញឆ្ងាយ ប្រសើរជាងជួញជិត”។



គ្រាន់តែសោភា វាចារបានប៉ុណ្ណេះប្រុសរូបសង្ហារឆឹម សក្កដា បានដាក់ពាក្យសុំស្អំបេះដូងនាងមុនគេហើយមិនបង្អង់យូអ្នកមេម៉ាយគ្មានទុក្ខស្នេហ៍រូបនេះក៍កៀកកើយជាមួយប្រុសក្មេងជាសាធារណៈតែម្ដង។ទោះជាយ៉ាងណាស្នេហាថ្មីសោភា-សក្កដា ត្រូវបានគេដាក់ការសង្ស័យថាពួកគេសាងស្នេហ៍”ក្លែងក្លាយ”ច្រើនជាងស្នេហ៍ពិត ព្រោះសម្អាងថាលោកសក្កដា មិនដែលមានអារម្មណ៍ស្នេហ៍ជាមួយស្រ្ដីភេទនោះទេ តែពេលនេះម៉េចបានដកចិត្តពីសោភា មិនរួច?ប៉ុន្ដែទាំងសោភា និងសក្កដា បានចេញមុខជំទាស់ដោយបញ្ជាក់ថាអ្នកទាំង២ចង់រៀបការជាមួយគ្នា៣លើកមកហើយតែផែនការណ៍នោះត្រូវបរាជ័យដោយសារតែកូវីដផ្ទុះមិនស្ងាត់ទើបរៀបការមិនកើត។



ពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦ធ្លាយរឿងនាងលែងលះប្ដីទាំងមិនដឹងមូលហេតុ។ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំនេះសោភា ត្រូវប្រុសទាំងក្នុងនិងក្រៅស្រុកតាមឆ្វែលស្នេហ៍តែលោកសក្កដា បានប្រកាសក្ដែងៗថាលោកចង់ដឹកដៃសោភា រៀបការនៅឆ្នាំ២០២២ ដើម្បីកុំឲ្យប្រុសទាំងឡាយចូលប្រជែងស្នេហ៍លោកទៅទៀត ខណៈដែលសោភា វិញបែជាសម្ងំស្ងាត់ស្ងៀមនិងគ្មានរំភើបបន្ដិចរឿងប្រុសក្មេងចង់ធ្វើប្ដីនាងស្របច្បាប់នោះឡើយ។ដោយឡែកមហាជនមួយចំនួននៅតែមិនអស់ការសង្ស័យរឿងស្នេហាសោភា-សក្កដា នោះទេហើយពួកគេថែមទាំងយល់ថាគូស្នេហ៍ខុសវ័យ១គូនេះមិនអាចក្លាយទៅជាប្ដីប្រពន្ធគ្នាមែនទែនបានទេព្រោះអារម្មណ៍មិនត្រូវគ្នា។តែទាំងសោភា និងសក្កដា ចេញមុខប្រឆាំងដោយអះអាងថាពេលនេះចំណងស្នេហាពួកគេមានចាស់ទុំទាំងសងខាងដឹងឭអស់ទៅហើយ។



ក្រៅពីពេជ្រ សោភា តារាដែលលេងប្ដីហើយតែនៅរាប់អានជាមួយប្ដីចាស់មានដូចជាអ្នកនាងចន ច័ន្ទលក្ខិណា ,កែវ ពិសី ,គង់ សុជាតិ និងលី ម៉ារីណា ជាដើម។ចំពោះពេជ្រ សោភា វិញទោះជាគេមើលឃើញថានាងមិនសូវជោគជ័យរឿងស្នេហាមែន ប៉ុន្ដែនាងនៅតែជាតារាស្រីដែលអាចរក្សារតំណែងក្នុងចំណោមជាអ្នកចម្រៀងស្រីឈានមុខគេនាពេលបច្ចុប្បន្ននៅហង្សមាសហើយនាងថែមទាំងត្រូវបានគេចាត់ទុកថាជាអ្នកមេម៉ាយមានទ្រព្យច្រើននៅឆ្នាំ២០២១នេះទៀតផងព្រោះនាងជិះរថយន្ដទំនើបៗ៥គ្រឿងឆ្លាស់គ្នាក្នុងនោះមានដូចជាPorsche, Mercedes, Bmw, Range Rover និងAudi៕

