ដោយ អាចារ្យថាំ
ជាង ៣ឆ្នាំទៅហើយ តាំងពីពួកប្រឆាំងបែកខ្ចាត់ខ្ចាយ របាត់រប៉ាយមក ក៏ នាំគ្នាទាមទារការបង្រួបបង្រួមផ្សះផ្សាជាតិ ចង់ឱ្យអតីតគណបក្សសង្គ្រោះជាតិ (CNRP) រស់វិញ។ កាលពីពេលថ្មីៗនេះទៀត លោកអ៊ុំ តារាវុទ្ធី ជាអតីតមន្ត្រី បក្សប្រឆាំង ស្និទ្ធលោកកឹម សុខា បានបង្ហោះសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “ការបង្រួបបង្រួមជាតិខ្មែរ ដើម្បីឯកភាពជាតិ ជាកិត្តិយសរបស់ជាតិខ្មែរ ទាំង មូល”។
ជាការឆ្លើយតបវិញ លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (CPP) លើកឡើងមិនខុសពីមុនថា “គ្មានការចរចាជាមួយជនក្បត់ជាតិ សម រង្ស៊ី កឹម សុខា, កម្ពុជា អត់ជម្លោះនយោបាយ, អត់មានអ្នកទោសនយោបាយទេ តែ មានអ្នកនយោបាយល្មើសច្បាប់ជាប់គុក”…៘
បើអ្នកនាំពាក្យ CPP ប្រកាសថា នៅកម្ពុជា អត់ជម្លោះនយោបាយយ៉ាង នោះ ទោះជាពួកប្រឆាំងទាមទារបង្រួបបង្រួមផ្សះផ្សាជាតិ ក៏គ្មានបានការអីដែរ។ ពួកប្រឆាំងចង់បង្រួបបង្រួមផ្សះផ្សា តែមិនបង្ហាញ “រូបមន្តផ្សះផ្សា” នោះ តើ ផ្សំឡើងពីធាតុអ្វីខ្លះ?
គួរយល់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មានរូបមន្តរបស់វា ដើម្បីយកមកផ្សំ ផលិតចេញសម្រាប់ចាក់ជូនមនុស្សជាតិ។ យើងអត់ដឹងថា វ៉ាក់សាំងនោះ ចម្រាញ់ ចេញពីរូបមន្តអ្វីខ្លះទេ ប៉ុន្តែរដ្ឋាភិបាលវៀតណាម បានចំណាយលុយទិញរូបមន្ត នោះពីគេ យកមកផលិតវ៉ាក់សាំងខ្លួនឯង ដើម្បីការពារអាយុជីវិតជាតិសាសន៍គេ។
ដូចគ្នានេះដែរ “រូបមន្តផ្សះផ្សាជាតិ” មហាអំណាច ព្យាយាមលាក់លៀម អត់ឱ្យដឹងទេ ខណៈដែលអ្នកនយោបាយខ្មែរ គ្រប់និន្នាការ មិនដឹងរូបមន្តនោះ ចេះតែម៉ាំងទៅម៉ាំងមក។ រូបមន្តផ្សះផ្សាជាតិ មានច្រើនយ៉ាង ត្រូវចម្រាញ់យក តែមួយ ដែល “នគរធំ” សាកល្បងបង្ហាញដោយត្រួសៗ ដូចខាងក្រោម ៖
១. លួចចរចាគ្នាស្ងាត់ៗរវាងអ្នកដឹកនាំកំពូល និងមេប្រឆាំង ដោយមាន មហាអំណាចជាអាជ្ញាកណ្តាល ២. ធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក ៣. ធ្វើ បរិច្ចាគដូចព្រះវេស្សន្តរ ៤. តម្រូវឱ្យពួកប្រឆាំង ចុះចូលបក្សកាន់អំណាចឱ្យអស់ ៥. អ្នកនយោបាយគ្រប់រូប ឈប់អស្មិមានះ ៦. ព្យាបាលជំងឺតួឯក ឱ្យជាសះស្បើយ ៧. ទិញក្បាលមនុស្ស។
ទាំង ៧ចំណុចនេះ ជា “រូបមន្តផ្សះផ្សា” ជ្រើសយកមួយណាក៏បានដែរ ឬ យកទាំង៧ចំណុច មកចម្រាញ់ចេញជាវ៉ាក់សាំង ចាក់ឱ្យអ្នកនយោបាយដែល “តួឯកនិយម និងអស្មិមានះ”។
“នគរធំ” ឃ្លាំមើលឃើញថា ពួកប្រឆាំង អត់បង្ហាញរូបមន្តផ្សះផ្សាជាតិទេ តែគាត់ទាមទារ “វប្បធម៌សន្ទនា” ខណៈដែលអ្នកនាំពាក្យ ច្រានចោល បើភាគី ប្រឆាំងទាមទារ ឯភាគីរដ្ឋាភិបាលច្រានចោលយ៉ាងនេះ រកច្រកចេញអត់ឃើញទេ។
អ៊ីចឹងពួកប្រឆាំង គួរផ្អាកសំណើ “បង្រួបបង្រួមជាតិ” ហ្នឹងសិនទៅ ដោយ បង្ហាញ “រូបមន្តច្បាស់លាស់” ដើម្បីយកមកផលិតវ៉ាក់សាំង ចាក់ឱ្យអ្នកនយោបាយ យើង។ ព្រះវេស្សន្តរ ទ្រង់ធ្វើមហាបរិច្ចាគ៥ ជាពិសេស សុខចិត្តឱ្យរាស្ត្របំបរបង់ ព្រះអង្គចេញពីនគរ ទៅសាងព្រះផ្នួសនៅភ្នំគិរីវង្គត។ រូបមន្តតែមួយនេះ ធ្វើឱ្យ ព្រះអង្គ ឈ្នះរាស្ត្រដោយសន្តិវិធី។
ទោះយ៉ាងណា “រូបមន្តផ្សះផ្សា” ដោយប្រើគ្រឿងអាវុធ វាហួសសម័យ ទៅហើយ។ ពួកប្រឆាំងមិនអាចពឹងអាមេរិក ឱ្យលើកទ័ពមកវាយដណ្តើមអំណាច បានទេ ចំណែកបក្សកាន់អំណាច ក៏មិនអាចយកមោទនភាពមកប្រើបានដែរ។ មោទនភាពខ្លាំងពេក ដូចរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានត្រឹមពួកឧទ្ទាម តាលីបង់ វាយលុកចូល ឈានទៅដណ្តើមអំណាចបានមកវិញ។
ដូច្នេះការបង្ហាញរូបមន្ត ល្អជាងទាមទារ ឬដាក់លក្ខខណ្ឌផ្សេងៗ ធ្វើឱ្យការ បែកបាក់កាន់តែធ្ងន់ទៅៗ។ ប្រវត្តិសាស្ត្រ បង្ហាញថា ខ្មែរ ទាស់គ្នាមិនបានយូរទេ ក៏ត្រូវរ៉ូវគ្នាវិញ ព្រោះអ្នកនយោបាយខ្លាំង រកឃើញរូបមន្តផ្សះផ្សា ប៉ុន្តែពេល នេះ យើងរករូបមន្តមិនទាន់ឃើញ ក៏ទរម៉្រាយគ្នារាល់ថ្ងៃអ៊ីចឹងទៅ…”៕